លោក​ Donald​ Trump​ លុបចោល​ដំណើរ​ទស្សនកិច្ច​ បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក​បាន​ចំអក​ឱ្យ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Donald​ Trump​ បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​ទៅកាន់​ប្រទេស​ដាណឺម៉ាក​ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​លោកស្រី​ Mette​ Frederiksen​ បាន​សើចចំអក​លោក​ នៅពេល​លឺ​ថា​អាមេរិក​ចង់​ទិញ​តំបន់​ Greenland​ ។

តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក​កាលពី​សប្តាហ៍​មុន​ លោក​ Trump​ បាន​លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​នូវ​គំនិត​នៃ​ការទិញ​តំបន់​ Greenland​ ដែល​ជា​កោះធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នៅក្នុង​ការប្រជុំ​ផ្លូវការ​ និង​អាហារ​ពេលល្ងាច​។

ដាណឺម៉ាក​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ Greenland​ មាន​ស្វ័យភាព​ និង​ការគ្រប់គ្រង​ដោយខ្លួនឯង​។ នាយក​រដ្ឋមន្រ្តី​ Frederiksen​ បាន​និយាយ​ថា​ “តំបន់​ Greenland​ មិនមែន​សម្រាប់​លក់​ទេ​”។

លោកស្រី​ Frederiksen​ បាន​បន្ថែម​ថា​ “តំបន់​ Greenland​ មិនមែន​ជា​ប្រទេស​ដាណឺម៉ាក​ទេ​។ តំបន់​ Greenland​ ជា​កម្មសិទ្ធិ​របស់​តំបន់​ Greenland​”។

ក្រុម​អ្នកជំនាញ​ជឿជាក់​ថា​ លោក​ Trump​ មាន​អារម្មណ៍​មិន​ពេញចិត្ត​នឹង​មតិយោបល់​របស់​សម​ភាគី​របស់​គាត់​ ហើយ​បាន​យក​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ដើម្បី​បដិសេធ​ការប្រជុំ​ដែល​បាន​គ្រោងទុក​នៅ​ថ្ងៃទី​ ២ ខែ​ កញ្ញា​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “ដាណឺម៉ាក​ជា​ប្រទេស​ពិសេស​មួយ​ដែល​មាន​ប្រជាជន​មិន​គួរ​ឱ្យ​ជឿ​ ប៉ុន្តែ​ផ្អែកលើ​ការ​អត្ថា​ធិប្បាយ​របស់​ នាយក​រដ្ឋមន្រ្តី​លោកស្រី​ Mette​ Frederiksen​ ថា​លោកស្រី​នឹង​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការពិភាក្សា​អំពី​ការទិញ​តំបន់​ Greenland​ ទេ​។

ខ្ញុំ​នឹង​ពន្យា​ពេល​កិច្ចប្រជុំ​របស់​យើង​ដែល​គ្រោង​ធ្វើ​ក្នុងរយៈពេល​ ២ សប្តាហ៍​ម្តង​ទៀត​”។ លោក​ Trump​ បាន​បន្ថែម​ទៀត​ថា​ “លោកស្រី​នាយក​រដ្ឋមន្រ្តី​អាច​សន្សំ​ការ​ចំណាយ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​សម្រាប់​អាមេរិក​ និង​ដាណឺម៉ាក​ដោយ​ផ្ទាល់​ ដូច្នេះ​ខ្ញុំ​សូម​អរគុណ​លោកស្រី​ចំពោះរឿងនេះ​ ហើយ​ខ្ញុំ​រង់ចាំ​មើល​ការ​ណាត់​ពេលវេលា​ម្តង​ទៀត​នៅពេល​អនាគត​!”។

តំបន់​ Greenland​ មាន​ធនធាន​ធម្មជាតិ​ដ៏​ធំ​នៅ​លើ​ផ្ទៃដី​ ១,៣០៥,១៧៨​ គីឡូម៉ែត្រ​ក្រឡា​ដែល​រួមមាន​ត្បូងពេជ្រ​ មាស​ អ៊ុយ​រ៉ា​ញ៉ូម​ និង​ប្រេង​។ តំបន់​ Greenland​ ក៏​ជាទី​តាំងរបស់​មូលដ្ឋានទ័ព​អាកាស​ Thule​ Air​ Base​ កងទ័ព​អាមេរិក​ផង​ដែរ​។

មូលដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៥១​ និង​មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ ១,២០៧​ គីឡូម៉ែត្រ​ពី​រង្វង់​អាក់​ទិ​ក។ វា​ជា​មូលដ្ឋាន​យោធា​នៅ​ភាគ​ខាងជើង​របស់​អាមេរិក​ ហើយ​មាន​ប្រព័ន្ធ​ការពារ​មី​ពី​ប្រទេស​រុស្ស៊ី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here