អគ្គនាយក​ពន្ធដារ​ ក្រើនរំលឹក​ជាថ្មី​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​លើ​អចលនទ្រព្យ​នៅ​ឆ្នាំ​ ២០១៩

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគ្គនាយក​ពន្ធដារ​ បានឱ្យ​ដឹង​ថា​ អនុលោម​តាម​ប្រកាស​លេខ​ ៤៩៣​ សហវ.ប្រក​ ចុះ​ថ្ងៃទី​ ១៩​ ខែកក្កដា​ ឆ្នាំ​ ១០១០​ ស្តី​ពី​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​ ២០១៩​ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចុះ​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​មានការ​ក្រើនរំលឹក​លើក​ទី​ ១ កាលពី​ថ្ងៃទី​ ៣០​ ខែមេសា​ ឆ្នាំ​ ២០១៩​ កន្លងទៅ​រហូត​មកទល់​ពេលនេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សង្កេតឃើញ​ថា​ ក៏​នៅ​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ដូចនេះ​ ដើម្បី​ជំរុញ​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​ បាន​អស់​លទ្ធភាព​ប្រក​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ និង​ចៀសវាង​បាន​នូវ​ការ​កកស្ទះ​ ការ​ប្រជ្រៀតគ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់​ដែល​អាច​នាំ​ឱ្យ​មាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សូម​ក្រើនរំលឹក​ជាថ្មី​ដល់​ម្ចាស់​អចន​លទ្រព្យ​ទាំងអស់​ ដែល​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ មេត្តា​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឱ្យ​បាន​ទាន់ពេល​វេលា​ត្រឹម​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​បញ្ជាក់​ទៀត​ថា​ ចំពោះ​ការ​ខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេល​វេលា​កំណត់​ខាងលើ​ ម្ចាស់​អល​ចន​ទ្រព្យ​នឹង​ត្រូវ​រង​ទោសទណ្ឌ​ តាមច្បាប់​ជាធរមាន​។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ ពិតជា​នឹង​យកចិត្ត​ទុកដាក់​ និង​អញ្ជើញ​មក​ទៅ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឱ្យ​បាន​ទាន់ពេល​វេលា​កំណត់​ជា​ពុំខាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here