ប្រែសម្រួលដោយ ម៉ាណេត
បាងកកៈ លោក Weerasak Wangsuphakijkosol អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានបង្ហើបឲ្យដឹងថា ក្រសួងគ្រោងនឹងផ្តួចផ្តើមគម្រោងពាណិជ្ជកម្មមួយ ដែលមានឈ្មោះថា ”Nakorn Chaiburin Northeast Gateway to Global Communities” ដើម្បីសហការជាមួយនឹងកម្ពុជា ដើម្បីបើកទ្វារពាណិជ្ជកម្មនៅតាមខេត្តជាប់ព្រំដែនចំនួន៤។
លោកបានថ្លែងដូច្នេះ បន្ទាប់ពីដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារ បុត្រសម្ព័ន្ធចំនួន៣ ដែលមាននាយកដ្ឋានចរចាពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងសហគ្រិនក្នុងស្រុកមកពីខេត្តនគររាជសីមា។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីពេលថ្មីៗនេះ។
-->
គម្រោងនេះ មានគោលបំណងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបើកទ្វារពាណិជ្ជកម្មនៅខេត្តចំនួន៤។
លោកបានមានប្រសាសន៍ថា “ខេត្តទាំងនេះ គឺមានខេត្តនគររាជសីមា ខេត្តឆៃយ៉ាភូមិ (Chaiyaphum) ខេត្ត បុរីរាម (Buri Ram) និងខេត្តសូរិន”។
លោក Weerasak បានបន្ថែមថា លោកបានប្រាប់នាយកដ្ឋានចរចាពាណិជ្ជកម្មឱ្យសហការជាមួយគណៈកម្មាធិការពាណិជ្ជកម្មចម្រុះថៃ- កម្ពុជា ដើម្បីរៀបចំគោលនយោបាយ ដែលជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបន្ធូរបន្ថយការរឹតត្បិតលើពាណិជ្ជកម្ម។
លោកបានមានប្រសាសន៍ថា ឧទាហរណ៍ យើងមានគម្រោងធ្វើឱ្យប្រសើរឡើងនូវតំបន់ ដែលត្រូវបានអនុញ្ញាតជាបណ្តោះអាសន្ន នៅតាមព្រំដែនបូរីរាម (Buri Ram) ទៅជាច្រកពាណិជ្ជកម្មអចិន្រ្តៃយ៍ ដែលនឹងមិនត្រឹមតែពង្រីកឱកាស នៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្ត ដែលនៅក្បែរនោះទៀតផង។
លោកអនុរដ្ឋមន្ត្រីថៃក៏បានបន្ថែមទៀតថា គម្រោងនេះនឹងជួយពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មសំខាន់ៗ ដូចជា ស្រូវ ស្វាយ ម្នាស់ ពោត និងក្រូចថ្លុង ក៏ដូចជាសិប្បកម្មធ្វើដោយដៃដូចជាសូត្រ Pakthongchai ជាដើម។
លោកបានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថាគម្រោង Nakorn Chaiburin នឹងនាំផលិតផលរបស់យើង ទៅជាតំបន់ពាណិជ្ជកម្មសេរីមួយ ដែលមានជោគជ័យបំផុតនៅលើពិភពលោក ដោយសារតម្លៃពាណិជ្ជកម្មរវាងថៃ និងកម្ពុជា ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់១៥ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២០”៕