ដោយ Donald Lee
តូក្យូៈ គណៈកម្មាធិការអូឡាំពិកជាច្រើននៅជុំវិញពិភពលោក បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ និងទឹកអំឡុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូឆ្នាំ២០២០ ដោយសារតែកម្រិតវិទ្យុសកម្មកើនឡើង ដែលបណ្តាលមកពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាក្នុងឆ្នាំ ២០១១។

-->
គណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភរបស់ខ្លួន នៅក្នុងលិខិតជាផ្លូវការមួយទៅកាន់ អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូថា បន្លែដែលដាំនៅក្នុងខេត្តហ្វូគូស៊ីម៉ា នឹងត្រូវផ្តល់ជូនដល់កីឡាករអូឡាំពិកអំឡុងពេលប្រកួត។
លោក Park Yang-woo រដ្ឋមន្រ្តីក្រសួងកីឡារបស់កូរ៉េខាងត្បូង បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងសេអ៊ូលថា “គ្មានអ្វីដែលសំខាន់ជាងសុវត្ថិភាពទេ”។
លោកបានបន្ថែមថា “យើងនឹងស្វែងរកការពិគ្រោះយោបល់ ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអ្នកដទៃទៀត ដើម្បីធានាសុវត្ថិភាពដល់អត្តពលិករបស់យើង និងធានាថា កីឡាអូឡាំពិកទីក្រុងតូក្យូ នឹងត្រូវបានធ្វើឡើងប្រកបដោយសុវត្ថិភាព”។
អ្នកអត្ថាធិប្បាយក៏បានកត់សម្គាល់ផងដែរថា ព្រឹត្តិការណ៍ជាច្រើន នឹងត្រូវបានរៀបចំឡើងនៅក្នុងខេត្តហ្វូគូស៊ីម៉ា នៅរដូវក្តៅខាងមុខនេះ។ ការបញ្ជូនភ្លើងអូឡាំពិកនៅប្រទេសជប៉ុន ក៏នឹងចាប់ផ្តើមនៅហ្វូគូស៊ីម៉ាដែរ។
អ្នករៀបចំអូឡាំពិកជប៉ុន និងរដ្ឋាភិបាល ក្នុងតំបន់ហ្វូគូស៊ីម៉ាបានបញ្ជាក់ថា ពួកគេនឹងអនុវត្តតាមគោលការណ៍ ណែនាំសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង និងតាមដានកម្រិតវិទ្យុសកម្មក្នុងអាហារជាប្រចាំ។
រដ្ឋាភិបាលហ្វូគូស៊ីម៉ាបានចេញសេចក្តីប្រកាសមួយថា “យើងគ្រាន់តែដឹកផលិតផលបឋម ដែលត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព តាមរយៈការត្រួតពិនិត្យជាច្រើនដំណាក់កាលនីមួយៗ ដោយមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុង និងតំបន់ផលិតកម្ម អ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ”៕