ដោយ ប៊ី
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសប្បកម្ម ឲ្យដឹងថា កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មលើសកម្មភាពសេដ្ឋកិច្ចនានាដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ខណៈកម្ពុជាជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម និងការវិនិយោគទុនបរទេសនៅកម្ពុជាដើម្ពីលើកស្ទួយដល់សកម្មភាពនាំចេញ។
កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មលើសកម្មភាពសេដ្ឋកិច្ចនានា និងជំរុញការនាំចេញឲ្យបានច្រើន ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលប្រកបដោយនិរន្ដភាព និងអភិវឌ្ឍន៍ផលិតផលដែលបន្ថែម លើតម្លៃឲ្យកាន់តែខ្ពស់។ នេះបើយោងតាមប្រសាសន៍របស់លោក សុន សេងហួត អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសប្បកម្ម។
-->
ការលើកឡើងបែបនេះ របស់ឯកឧត្តម សុន សេងហួត ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធី «ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្ដរជាតិកម្ពុជា ឆ្នាំ២០១៩» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
លោក សុន សេងហួត បានថ្លែងឲ្យដឹងថា ជាការពិតណាស់ការរៀបចំវេទិកាក្នុងថ្ងៃនេះ នឹងជំរុញវិស័យសេដ្ឋកិច្ចនៅកម្ពុជា និងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម និងការវិនិយោគទុនបរទេសនៅកម្ពុជា ពិសេសលើកស្ទួយដល់សកម្មភាពនាំចេញ និងនាំចូលព្រមទាំងបង្កើតឱកាស សម្រាប់បណ្ដាឧស្សាហករ និងឱកាសធុរកិច្ចថ្មីៗ។
លោក បញ្ជាក់ថា “ការតាំងពិព័រណ៍នេះ ជាវេទិកាល្អបំផុត និងមានប្រយោជន៍សម្រាប់បណ្ដាផលិតករ ពាណិជ្ជករ និងធរជនកម្ពុជា”។
លោក បន្ដថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឧស្សាហកម្មកម្ពុជា ជាសសរដ៏រឹងមាំនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។លោក បានបន្ថែមថា “ផ្នែកឧស្សាហកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅពេលអនាគតរបស់កម្ពុជា។
បណ្ដាលឧស្សាហកម្មធុនតូច និងមធ្យមជាចំណុចសំខាន់ ដើម្បីផ្ដោតលើកការអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ពិសេសឧស្សាហកម្មគ្រឿងម៉ាស៊ីន ដែលកំពុងបម្រើការដល់ផលិតកម្មនានានោះ ត្រូវបានចាត់ទុកថា ជាតួនាទីសំខាន់សម្រាប់កម្ពុជា ក្នុងការទ្រទ្រង់ពាណិជ្ជកម្មសេរី និងចំណុចនានានៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច”។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កម្មវិធីតាំងពិព័រណ៍នេះរៀបចំឡើងជាលើកទី៨ហើយ និងជាវេទិកាដ៏មានឥទ្ធិពលបំផុត ដែលគ្រប់ដណ្ដប់លើវិស័យឧស្សាហកម្មជាច្រើនដូចជា៖ ជ័រប្លាស្ទិក និងកៅស៊ូ ផ្នែកបោះពុម្ភ និងវេចខ្ចប់ ផ្នែកកែច្នៃម្ហូបអាហារ ផ្នែកកសិកកម្ម ផ្នែកអគ្គិសនី និងការបំភ្លឺ ផ្នែកគ្រឿងបន្លាស់ជាដើម។
លើសពីនេះនឹងមានការបង្កើតទំនាក់ទំនង ជូនអ្នកចូលរួមទស្សនាទាំងអស់ ដើម្បីជួបផ្ទាល់ជាមួយម្ចាស់រោងចក្រ ក្នុងការចាប់ដៃគូពាណិជ្ជកម្មនាពេលអនាគត។
លោក បន្ថែមថា “ខ្ញុំជឿជាក់ថាយើងអាចសហការគ្នា ជំរុញកំណើនទំហំពាណិជ្ជកម្ម ដែលបានបង្កើតរួមគ្នានាពេលកន្លងមក សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Yorkers Trade & Marketing Service Co,.Ltd បានសហការជាមួយគ្នាយ៉ាងជិតស្និត ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ។
ជារៀងរាល់២ឆ្នាំម្ដងយើងបានរៀបចំកម្មវិធី តាំងពិព័រណ៍ដ៏អស្ចារ្យនេះ ដើម្បីធានាឲ្យមានលំហូរធុរកិច្ច និងវិនិយោគប្រកបដោយនិរន្ដរភាព”។
លោក បានបន្ដថា “ខ្ញុំសូមលើកទឹកចិត្តដល់ធុរកិច្ចជនទាំងអស់ ចូលរួមឲ្យបានសកម្ម និងស្វែងរកដៃគូឲ្យមានអត្ថប្រយោជន៍ និងផ្លែផ្កានៅពេលអនាគត។ ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំនឹងបន្ដផ្សព្វផ្សាយពី វិស័យឧស្សាហកម្មយានយន្ដ ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់នេះ ដល់សមាជិកសមាជិកការ ឲ្យបានទូលំទូលាយបន្ថែមទៀត”៕
អានបន្ត៖ រយៈពេល៧ខែដើមឆ្នាំ២០១៩ កម្ពុជាធ្វើការនាំចេញកសិផលទៅកាន់ទីផ្សារបរទេសជាង ២,៥លានតោន