ដោយ Donald Lee
ក្រុងប៉េកាំង៖ ការរាប់ថយក្រោយសម្រាប់ពន្ធថ្មីរបស់អាមេរិកលើទំនិញចិនកំពុងធ្វើឱ្យអ្នកសេដ្ឋកិច្ច និងធនាគារកណ្តាលនៅជុំវិញពិភពលោកមានការព្រួយបារម្ភ ខណៈចិនបានសន្យាសងសឹក ប្រសិនបើកាតព្វកិច្ចពន្ធនេះត្រូវបានអនុវត្ត។
រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា ខ្លួននឹងគ្មានជំរើសអ្វីក្រៅពីការប្រឆាំងនឹងពន្ធរបស់អាមេរិកដែលមានគោលបំណងធ្វើបាបរដ្ឋាភិបាលចិនក្នុងការធ្វើសម្បទានពាណិជ្ជកម្មជាមួយអាមេរិក។
-->
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើអាមេរិករឹងចចេសជ្រើសរើសយកវិធីផ្ទាល់ខ្លួន នោះចិនគ្មានជំរើសក្រៅពីចាត់វិធានការសងសឹកដែលចាំបាច់”។ លោកបានបន្ថែមថា “អាមេរិកគួរតែផ្លាស់ប្តូរសកម្មភាពខុសឆ្គងរបស់ខ្លួន”។
នៅដើមខែនេះ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា ទំនិញចិនមានតម្លៃ ៣០០ ពាន់លានដុល្លារដែលនឹងត្រូវដំឡើងពន្ធគយនៅថ្ងៃទី ១ ខែ កញ្ញា។
ក្រោយមកលោក Trump បានកែប្រែសេចក្តីថ្លែងការណ៍របស់លោក ហើយបាននិយាយថា ទំនិញដូចជាស្មាតហ្វូន និងឧបករណ៍វីដេអូហ្គេមនឹងមិនត្រូវបានបញ្ចូលក្នុងបញ្ជីពន្ធខែ កញ្ញាទេ ដែលមិនធ្វើឱ្យរំខានដល់រដូវទិញទំនិញថ្ងៃឈប់សម្រាករបស់អាមេរិកដែលជារយៈពេលដ៏សំខាន់បំផុតនៃឆ្នាំសម្រាប់អ្នកលក់រាយនៅសហរដ្ឋអាមេរិក ប៉ុន្តែនឹងត្រូវដាក់ពន្ធមកវិញនៅថ្ងៃទី ១៥ ខែ ធ្នូ។
ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចជាសាកលរាប់ពាន់លានដុល្លារ។
របាយការណ៍ថ្មីៗនេះរបស់ Bloomberg បានប៉ាន់ស្មានថា សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ទឹកប្រាក់ជិត ៥៨៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមាន។
ជាក់ស្តែង របាយការណ៍ថ្មីមួយរបស់សេដ្ឋកិច្ចទេសចរណ៍ (Tourism Economics) បានប៉ាន់ស្មានថា សង្គ្រាមពាណិជ្ជកម្មនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍អាមេរិកជាមួយនឹងការខាតបង់ប្រាក់ចំណូលចំនួន ១១ ពាន់លានដុល្លារ ខណៈប្រជាជនចិនប្រមាណ ២ លាននាក់នឹងមិនធ្វើដំណើរទៅអាមេរិកនៅចុងឆ្នាំ ២០២០។
យោងតាមរបាយការណ៍បានឱ្យដឹងថា ភ្ញៀវទេសចរចិនគឺជាជនជាតិដែលចំណាយច្រើនជាងគេក្នុងចំណោមភ្ញៀវទេសចរទាំងអស់ដែលទៅទស្សនាអាមេរិក។ ទេសចរជនជាតិចិនជាមធ្យមចំណាយជិត ៦.០០០ដុល្លារក្នុងការធ្វើដំណើរទៅអាមេរិក៕