ដោយ ម៉ាណេត
ភ្នំពេញៈ ធនាគារឯកទេស ខេប៊ី ដេហាន (KDSB) ដែលជាក្រុមហ៊ុនបុត្រធនាគាររបស់ក្រុមហ៊ុន KB Kookmin Card បានប្រកាសប្រាក់ចំណេញសុទ្ធចំនួន ១១៤,០០០ ដុល្លារ (១៣៧ លានវ៉ុន) សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០១៩ បន្ទាប់ពីសាខាខ្លួនបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា។ នេះបើយោងតាមកាសែត Korea Times ចុះផ្សាយនៅថ្ងៃនេះ។
នេះគឺជាជោគជ័យដ៏លេចធ្លោមួយ សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅរាជធានីភ្នំពេញដែលបានបង្កើតឡើង ជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន LVMC Holdings ក្នុងការផ្តល់ហិរញ្ញប្បទានរថយន្ត និងអចលនទ្រព្យ។
-->
ធនាគារ KDSB ទទួលបានប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន កើនឡើងដល់ជាង ២,៩ លានដុល្លារនៅក្នុងឆមាសទី១ នៃឆ្នាំនេះកើនឡើង៣ដង ធៀបនឹងរយៈពេល៤ខែ បន្ទាប់ពីការបើកសាខានៅខែកញ្ញាឆ្នាំ២០១៨។ តួលេខខាងលើមានចំនួន៨៩៨,០០០ ដុល្លារក្នុងរយៈពេលពីខែ កញ្ញា ដល់ខែ ធ្នូ ឆ្នាំ ២០១៨។
ការទទួលបានផលចំណេញនេះ ត្រូវបានជំរុញដោយយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្មរបស់លោក Lee Dong-cheol ក្នុងការបម្រើដល់សេចក្តីត្រូវការ ជាក់លាក់របស់ប្រជាជនកម្ពុជា។
លោក Lee បានដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារមួយ ដែលលោកចាត់ទុកថា ជាវិធីដ៏មានប្រសិទ្ធិភាពខ្ពស់ ក្នុងការធានាអតិថិជនថ្មីដែលត្រូវការហិរញ្ញប្បទាន ក្នុងការទទួលាបរថយន្តដែលបង្កើតឡើងដោយក្រុមហ៊ុន។
កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនសាំងស៊ុងយ៉ុង និង Ford បានជួយក្រុមហ៊ុនផ្តល់ជូននូវកម្មវិធីហិរញ្ញប្បទានផ្សេងៗ ជាមួយនឹងអត្រាការប្រាក់ផ្សេងៗគ្នា ដែលស្របតាមតម្រូវការរបស់អតិថិជនផ្សេងៗគ្នា។
បទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានរថយន្ត បានជួយឱ្យក្រុមហ៊ុន KB Card ពង្រីកទៅក្នុងអាជីវកម្មទាក់ទងនឹងកម្ចីអចលនទ្រព្យ ដែលធ្វើពិពិធកម្មផលប័ត្រអាជីវកម្មរបស់ក្រុមហ៊ុន។
ការពង្រីកខ្លួនយ៉ាងខ្លាំង បានធ្វើឱ្យមានការកើនឡើងទ្រព្យសម្បត្តិ យ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុននេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
មន្ត្រីក្រុមហ៊ុន KB Kookmin Card បាននិយាយថា “ការផ្តោតអារម្មណ៍របស់យើងគឺជួយធ្វើឱ្យមានស្ថេរភាពអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា”។
មន្ត្រីរូបនោះបានបន្ថែមទៀតថា “យើងគ្រោងនឹងពង្រីកអាជីវកម្មរបស់យើងទៅប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា និងឡាវ។ បទពិសោធន៍របស់យើងនៅក្នុងទីផ្សារកម្ពុជានឹងជួយឱ្យយើងធ្វើបានល្អប្រសើរ”។
សមតុល្យឥណទានជាលក្ខណៈបុគ្គលសរុប ដែលមានទំហំទឹកប្រាក់ ៧,១៦ប៊ីលានដុលា្លរអាមេរិក ដោយកើនឡើង
៦,៨០ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩នេះ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា មានប្រសាសន៍ថា “នៅក្នុងត្រីមាសនេះ មិនខុសពីឆ្នាំមុនៗនោះទេ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលធ្លាក់ចុះនៅត្រីមាសទី២។ ទោះបីយ៉ាងណា បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលសរុប បានកើនឡើង
៩,០៣ភាគរយ ខណៈដែលទំហំទឹកប្រាក់នៃការស្នើសុំឥណទាន កើនឡើងជិតទ្វេដង”។
លោកបន្តថា ចំនួនគណនីឥណទានលក្ខណៈបុគ្គល បានកើនឡើងជាលំដាប់ ចាប់តាំងពីឆ្នាំ២០១៨ ក្នុងចន្លោះពី៥ភាគរយទៅ៧ភាគរយក្នុងត្រីមាសនីមួយៗ។ ខណៈ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបកើនឡើង ចន្លោះពី៦ភាគរយទៅ៨ ភាគរយ។ ជារួមអនុបាតនៃឥណទាន មិនដំណើរការលើសពី៣០ថ្ងៃ របស់ផលិតផលឥណទានទាំងបី នៅតែមានលក្ខណៈល្អប្រសើរ និងនៅតែបន្តស្ថិតនៅក្នុងកម្រិតទាប១.១៩ ភាគរយ”៕