ដោយ Donald Lee
ស៊ីដនី: ក្រុមហ៊ុនអាកាសចរណ៍ Qantas ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅអូស្ត្រាលី គ្រោងនឹងសាកល្បងដែនកំណត់ការធ្វើដំណើររបស់មនុស្ស ដោយហោះហើរផ្ទាល់ពីទីក្រុងញូវយ៉ក និងឡុងដុងទៅស៊ីដនី ដែលជាជើងហោះហើរនឹងប្រវែងវែងជាងគេបំផុតនៅលើពិភពលោក។
មុនពេលគ្រោងចាប់ផ្តើមសេវាកម្មហោះហើរ ក្រុមហ៊ុន Qantas នឹងធ្វើការហោះហើរចំងាយឆ្ងាយចំនួន៣ជើង ដើម្បីសង្កេតមើលសុខុមាលភាពរបស់បើកបរយន្តហោះ និងអ្នកដំណើរ។
-->
ជើងហោះហើរនេះ នឹងប្រើប្រាស់យន្តហោះប្រភេទប៊ូអ៊ីង 787-9s ថ្មី នៅក្នុងការស្រាវជ្រាវ ដែលមានឈ្មោះថា “Project Sunrise “។ ការស្រាវជ្រាវនឹងត្រូវធ្វើឡើងនៅខែ តុលា វិច្ឆិកា និង ធ្នូឆ្នាំនេះ។
អ្នកចូលរួមគម្រោងនេះ នឹងត្រូវបានបំពាក់បច្ចេកវិទ្យាត្រួតពិនិត្យសុខភាព ដើម្បីមើលថាតើការហោះហើរដ៏វែងនេះ នឹងប៉ះពាល់ដល់រាងកាយមនុស្សយ៉ាងដូចម្តេច។ ការធ្វើតេស្តនេះ នឹងត្រូវធ្វើឡើងស្របជាមួយនឹងសាកលវិទ្យាល័យស៊ីដនី និងសាកលវិទ្យាល័យ Monash។
ក្រុមហ៊ុន Qantas បានឲ្យដឹងថា “អ្នកដំណើរនៅកាប៊ីនភាគច្រើនជាបុគ្គលិករបស់ក្រុមហ៊ុន Qantas នឹងត្រូវបានបំពាក់ជាមួយឧបករណ៍បច្ចេកវិទ្យា និងចូលរួមនៅក្នុងបទពិសោធន៍ជាក់លាក់ នៅដំណាក់កាលផ្សេងៗគ្នា នៃការហោះហើរប្រមាណ១៩ម៉ោង”។
អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នឹងតាមដានមើលដំណេករបស់អ្នកដំណើរ ការទទួលទានចំណីអាហារ និងភេសជ្ជៈ ពន្លឺ ចលនារាងកាយ និងការកម្សាន្តដើម្បីវាយតម្លៃផលប៉ះពាល់ដល់សុខភាព សុខុមាលភាព និងពេលវេលារាងកាយ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qantas Group លោក Alan Joyce បានមានប្រសាសន៍ថា “ការហោះហើរមិនឈប់ពីឆ្នេរខាងកើតនៃអូស្រ្តាលី ទៅកាន់ទីក្រុងឡុងដ៍ និងញូវយ៉ក ពិតជាឈានមុខគេក្នុងវិស័យអាកាសចរណ៍ ដូច្នេះយើងបានប្តេជ្ញាថានឹងធ្វើការងារងារទាំងអស់ដើម្បីធ្វើវាឲ្យបាន”៕