ដោយៈ រ៉ាណេត
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ បណ្តាក្រុមហ៊ុនចិន និងអាមេរិកជាច្រើនទៀត នឹងមកកាន់កម្ពុជា ដើម្បីបន្តកិច្ចដំណើរការសង្វាក់ផលិតកម្ម សម្រាប់ផ្គត់ផ្គង់ទីផ្សារដើមរបស់ខ្លួន ខណៈដែលសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២នៅតែបន្តភាពរាំរ៉ៃ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩កន្លងមកថា ពេលនេះកម្ពុជាកំពុងតែក្លាយជាគោលដៅយ៉ាងសំខាន់ របស់បណ្តាក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ជាពិសេស ក្រុមហ៊ុនរបស់ចិន និងអាមេរិក។
-->
លោកឧកញ៉ាបានបន្តទៀតថា “កម្ពុជាបានក្លាយជាប្រទេសជម្រើសមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលមានបណ្តាក្រុមហ៊ុនអន្តរជាតិនានាសម្លឹង និងជ្រើសរើសជាគោលដៅចូលមកវិនិយោគ”។ លោកឧកញ៉ាបន្តទៀតថា “តាមការមើលឃើញជាក់ស្ដែង ក្រុមហ៊ុនដែលនឹងចូលមកកាន់កម្ពុជាបន្ថែមទៀត គឺក្រុមហ៊ុនចិន និងអាមេរិក ដើម្បីគេចចេញពីហានិភ័យ ដែលបណ្តាលមកពីសំពាធនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះ”។
ក្ដីរំពឹងដូចដែលបានលើកឡើងខាងលើនេះ កើតមានបន្ទាប់ពីមហាព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត និងឧស្សាហកម្មវាយណភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់កម្ពុជា-អន្តរជាតិលើកទី៨ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជារយៈពេល៣ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍បន្តទៀតថា តាមរយៈមហាព្រឹត្តិការណ៍ខាងលើនេះ ជាលទ្ធផលយើងទទួលបានផ្លែផ្កាច្រើន ហើយក្នុងឱកាសមួយនេះ កម្ពុជាបានបង្ហាញពីសក្តានុពល និងឱកាសវិនិយោគជាច្រើនទៅកាន់ បណ្តាក្រុមហ៊ុនអន្តរជាតិរាប់រយក្រុមហ៊ុន ហើយក្រុមហ៊ុនអន្តរជាតិដែលចូលរួម ក៏បានបង្ហាញពីសក្ដានុពលនៃការផ្គត់ផ្គង់របស់ក្រុមហ៊ុនគេផងដែរ។
លោកបានបន្តទៀតថា “ភាគច្រើនក្រុមហ៊ុនដែលបង្ហាញ ពីគោលបំណងចូលខ្លួនមកវិនិយោគនៅកម្ពុជា ជាក្រុមហ៊ុនដែលមកពីប្រទេសចិន និងមួយចំនួនទៀតមកពីអាមេរិក ដោយសារតែក្រុមហ៊ុនទាំងនេះ បាននិងកំពុងតែប្រឈមហានិភ័យដែលបណ្តាលមកពីសំពាធសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំង២”។
លោកឧកញ៉ាបានបន្តទៀតថា ការគេចចេញហានិភ័យ ក្រុមហ៊ុនទាំងនោះអាចនឹងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសទាំង២ ហើយងាកមកកាន់បណ្តាប្រទេសនានាដែលស្ថិតនៅក្នុងតំបន់អាស៊ី ជាពិសេសកម្ពុជា ដែលជាប្រទេសមានអំណោយផលលើកត្តាភូមិសាស្ត្រជាងគេ បើប្រៀបធៀបជាមួយប្រទេសដែលស្ថិតនៅក្នុងតំបន់៕