ដោយ វុត្ថា
កូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត Mahathir Mohamad គ្រោងនឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសវៀតណាមនៅសប្តាហ៍នេះ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានស្រាប់ រវាប្រទេសទាំងពីរក្នុងការបង្កើនទំហំពាណិជ្ជកម្មឱ្យដល់ ១៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី លោក Le Quy Quynh បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ដំណើរទស្សនកិច្ចនេះក៏នឹងកំណត់គោលដៅរបស់ប្រទេសទាំងពីរដើម្បីសម្រេចបាននូវការធ្វើពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ដូចដែលបានចែងនៅក្នុងផែនការសកម្មភាពវៀតណាម – ម៉ាឡេស៊ី ឆ្នាំ២០១៧-២០១៩។
-->
លោកបន្តថា “នេះជាដំណើរទស្សនកិច្ចសំខាន់មួយ ហើយដំណើរទស្សនកិច្ចនេះអាចជួយអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំជឿជាក់ថាគោលដៅសម្រាប់ទំហំពាណិជ្ជកម្ម ១៥ ពាន់លានដុល្លារអាមេរិកនឹងអាចសម្រេចបាននៅឆ្នាំ ២០២០”។
លោកឯកអគ្គរដ្ឋទូតរូបនេះបន្ថែមទៀថា “ក្នុងឆ្នាំ ២០១៥ យើងបានធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តហើយ ឥឡូវនេះយើងមានទំនាក់ទំនងល្អប្រសើរលើគ្រប់វិស័យចាប់ពីនយោបាយដល់ការការពារ សន្តិសុខ ពាណិជ្ជកម្ម និងការអប់រំ” ។
លោកឯកអគ្គរដ្ឋទូតបន្តថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អប្រសើរចាប់តាំងពីបានបង្កើតទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ ១៩៧៣ ប៉ុន្តែនៅតែមានឱកាសពង្រឹងបន្ថែមនៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។
លោកថា “បើនិយាយអំពីការវិនិយោគវិញ ប្រទេសវៀតណាមអាចវិនិយោគលើវិស័យកសិកម្ម និងកែច្នៃនៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលប្រទេសម៉ាឡេស៊ីអាចវិនិយោគនៅក្នុងរោងចក្រអចលនទ្រព្យ និងអេឡិចត្រូនិច” ។
បច្ចុប្បន្នការនាំចេញសំខាន់របស់វៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីគឺអង្ករ កាហ្វេនិ ងអេឡិចត្រូនិក ខណៈដែលម៉ាឡេស៊ីនាំចេញប្រេង និងឧស្ម័ន និងផលិតផលអេឡិចត្រូនិចទៅកាន់ប្រទេសវៀតណាម។
ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម – ម៉ាឡេស៊ីនៅក្នុងឆ្នាំ ២០១៨ មានតម្លៃ ១៣,៥ពាន់លានដុល្លារអាមេរិកឈរនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសសិង្ហបុរីក្នុងចំណោមបណ្តាប្រទេសអាស៊ាន។
ទន្ទឹមនឹងនេះដែរប្រទេសម៉ាឡេស៊ីគឺជាអ្នកវិនិយោគធំជាងគេនៅប្រទេសវៀតណាមក្នុងចំណោមបណ្តាប្រទេសអាស៊ាន និងជាប្រទេសទី៨ ដែលមានតម្លៃប្រមាណ ១៣ពាន់លានដុល្លារអាមេរិក៕