ដោយ វុត្ថា
ភ្នំពេញៈ នៅពេលនិយាយពីការជួញដូរភាគហ៊ុន ការទិញលក់មិនត្រូវបានយល់ដឹងទូលំទូលាយពីប្រជាពលរដ្ឋនៅឡើយ ដោយសារវាជាវិស័យថ្មីមួយនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។
នៅពេលនេះគេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងថ្មីមួយទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបាន
សិក្សាស្វែងយល់ពីវិស័យថ្មីមួយនេះ។ នោះគឺអត្ថប្រយោជន៍នៃការជួញដូរភាគហ៊ុន។
នៅពេលដែលវិនិយោគិនម្នាក់ទិញភាគហ៊ុន ពីក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនណាមួយ គាត់នឹងទទួលបានភាពជាម្ចាស់កម្មសិទ្ធិមួយផ្នែក នៅក្នុងក្រុមហ៊ុននោះ។ គាត់មានសិទ្ធិក្នុងការបោះឆ្នោត លើគោលនយោបាយនៃក្រុមហ៊ុននោះ ឬចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន ព្រមទាំងចូលរួមទទួល នូវការចែករំលែកភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុនជាដើម។
ការជួញដូរភាគហ៊ុនផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដូចជា៖
(ក) ឱកាសវិនិយោគ និងប្រាក់ចំណេញ
ជំនួសឱ្យ ឬបន្ថែមលើការបើកអាជីវកម្មដោយខ្លួនឯង ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិន នូវឱកាសក្នុងការចូលរួមចំណែកក្នុងអាជីវកម្មមួយ ដែលមិនតម្រូវឱ្យមានជំនាញ និងបទពិសោធន៍ពាក់ព័ន្ធ ឬការតាមដានត្រួតពិនិត្យជាប់ជាប្រចាំឡើយ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញពីការជួញដូរ និងភាគលាភទទួលបានពីការកាន់កាប់ភាគហ៊ុន អាចមានចំនួនច្រើនលើសផលវិនិយោគដទៃទៀត។
(ខ) លទ្ធភាពក្នុងការវិនិយោគដោយវិនិយោគិនតូចៗ
ផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិន ដែលមានប្រាក់តិចតួច អាចក្លាយជាម្ចាស់ (មួយផ្នែក) នៃក្រុមហ៊ុនធំៗ និងទទួលបានផលចំណេញដូចវិនិយោគិនជាអ្នកមាន និងជាស្ថាប័នផងដែរ ទៅតាមសមមាត្រភាគហ៊ុនដែលពួកគេកាន់កាប់។
(គ) ការលើកទឹកចិត្តផ្នែកពន្ធ
• មិនមានពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិពេលជួញដូរភាគហ៊ុន
• មិនមានពន្ធលើចំណេញមូលធន(capital gain)
• មិនមានពន្ធលើភាគលាភសម្រាប់និវេសនជនកម្ពុជា ចំណែកអនិវេសនជន ពន្ធលើភាគលាភត្រូវបន្ថយមកត្រឹម៧% (ពីអត្រាដើម ១៤%)។
(ឃ) ពិពិធកម្មនៃសំណុំវិនិយោគ និងចំណូលបន្ថែម
ក្រៅពីប្រភពចំណូលចម្បងដូចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម និងប្រាក់ចំណូលបន្ថែមផ្សេងទៀត ក្នុងទម្រង់ជាការប្រាក់ ដែលបានពីការដាក់ប្រាក់សន្សំមានកាលកំណត់ ចំណួលពីការជួល ឬចំណេញពីអចលនទ្រព្យ។
លោកអ្នកអាចវិនិយោគក្នុងផ្សារភាគហ៊ុន ដើម្បីធ្វើពិពិធកម្មសំណុំវិនិយោគ និងដើម្បីទទួលបានចំណូលបន្ថែម។ បន្ថែមពីលើនេះ ថ្លៃសេវាសម្រាប់ការជួញដូរមូលបត្រមានកម្រិតទាប ដោយស្ថិតក្នុងរង្វង់ ០,៥% នៃតម្លៃជួញដូរតែប៉ុណ្ណោះ៕