ចំណេះដឹង​! តើ​អត្ថ​ប្រយោជន៍​នៃ​ការ​ជួញដូរ​ភាគហ៊ុន​មាន​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នៅពេល​និយាយ​ពី​ការ​ជួញដូរ​ភាគហ៊ុន​ ការទិញ​លក់​មិន​ត្រូវ​បាន​យល់ដឹង​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​នៅឡើយ​ ដោយសារ​វា​ជា​វិស័យ​ថ្មី​មួយ​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា​។

នៅពេល​នេះ​គេហទំព័រ ​Propertyarea.asia ​សូម​លើកយក​ចំណេះដឹង​ថ្មី​មួយទៀត​ ដើម្បីឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​បាន​
សិ​ក្សា​​ស្វែងយល់​ពី​វិស័យ​ថ្មី​មួយ​នេះ​។ នោះ​គឺ​អត្ថ​ប្រយោជន៍​នៃ​ការ​ជួញដូរ​ភាគហ៊ុន​។

នៅពេល​ដែល​វិនិយោគិន​ម្នាក់​ទិញ​ភាគហ៊ុន​ ពី​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​ណាមួយ​ គាត់​នឹង​ទទួល​បាន​ភាពជា​ម្ចាស់​កម្មសិទ្ធិ​មួយ​ផ្នែក​ នៅក្នុង​ក្រុមហ៊ុន​នោះ​។ គាត់​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ លើ​គោលនយោបាយ​នៃ​ក្រុមហ៊ុន​នោះ​ ឬចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ភិបាល​នៅក្នុង​ក្រុមហ៊ុន​ ព្រមទាំង​ចូលរួម​ទទួល​ នូវ​ការចែក​រំលែក​ភាព​ជោគជ័យ​ ឬបរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជាដើម​។

ការ​ជួញដូរ​ភាគហ៊ុន​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​វិនិយោគិន​ ដូចជា​៖

​(ក) ឱកាស​វិនិយោគ​ និង​ប្រាក់ចំណេញ​

ជំនួស​ឱ្យ​ ឬបន្ថែម​លើ​ការ​បើក​អាជីវកម្ម​ដោយខ្លួនឯង​ ការ​កាន់កាប់​ភាគហ៊ុន​ផ្តល់​ឱ្យ​វិនិយោគិន​ នូវ​ឱកាស​ក្នុង​ការចូលរួម​ចំណែក​ក្នុង​អាជីវកម្ម​មួយ​ ដែល​មិន​តម្រូវ​ឱ្យ​មាន​ជំនាញ​ និង​បទពិសោធន៍​ពាក់ព័ន្ធ​ ឬការ​តាមដាន​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ឡើយ​។ ទន្ទឹម​នឹង​នេះ​ ប្រាក់ចំណេញ​ពី​ការ​ជួញដូរ​ និង​ភាគលាភ​ទទួល​បាន​ពី​ការ​កាន់កាប់​ភាគហ៊ុន​ អាច​មាន​ចំនួន​ច្រើនលើស​ផល​វិនិយោគ​ដទៃទៀត​។

(ខ) លទ្ធភាព​ក្នុង​ការ​វិនិយោគ​ដោយ​វិ​និ​យោ​គិ​នតូច​ៗ

ផ្សារភាគហ៊ុន​អនុញ្ញាត​ឱ្យ​វិនិយោគិន​ ដែល​មាន​ប្រាក់​តិចតួច​ អាច​ក្លាយជា​ម្ចាស់ ​(មួយ​ផ្នែក​) នៃ​ក្រុម​ហ៊ុន​ធំៗ​ និង​ទទួល​បានផល​ចំណេញ​ដូច​វិនិយោគិន​ជា​អ្នកមាន​ និង​ជា​ស្ថាប័ន​ផង​ដែរ​ ទៅតាម​សម​មាត្រ​ភាគហ៊ុន​ដែល​ពួកគេ​កាន់កាប់​។

(គ) ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​

• ​មិន​មាន​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ពេល​ជួញដូរ​ភាគហ៊ុន​

• ​មិន​មាន​ពន្ធ​លើ​ចំណេញ​មូលធន​(capital​ gain​)

• ​មិន​មាន​ពន្ធ​លើ​ភាគលាភ​សម្រាប់​និវេសន​ជន​កម្ពុជា​ ចំណែក​អនិវេសន​ជន​ ពន្ធ​លើ​ភាគលាភ​ត្រូវ​បន្ថយ​មក​ត្រឹម៧​% (ពីអ​ត្រា​ដើម​ ១៤​%)។

(ឃ) ពិពិធ​កម្ម​នៃ​សំណុំ​វិនិយោគ​ និង​ចំណូល​បន្ថែម​

ក្រៅពី​ប្រភព​ចំណូល​ចម្បង​ដូចជា​ប្រាក់ខែ​ ឬប្រាក់ចំណេញ​ពី​អាជីវកម្ម​ និង​ប្រាក់ចំណូល​បន្ថែម​ផ្សេងទៀត​ ក្នុង​ទម្រង់​ជា​ការប្រាក់​ ដែល​បាន​ពី​ការ​ដាក់​ប្រាក់សន្សំ​មានកាល​កំណត់​ ចំ​ណួ​លពី​ការជួល​ ឬចំណេញ​ពីអ​ចលនទ្រព្យ​។

លោកអ្នក​អាច​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​សំណុំ​វិនិយោគ​ និង​ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​។ បន្ថែម​ពីលើ​នេះ​ ថ្លៃ​សេវា​សម្រាប់​ការ​ជួញដូរ​មូលបត្រ​មានកម្រិត​ទាប​ ដោយ​ស្ថិត​ក្នុងរង្វង់ ០​,៥% នៃ​តម្លៃ​ជួញដូរ​តែប៉ុណ្ណោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here