KOICA​ បន្ត​គាំទ្រ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ដែល​តម្លៃ១០,១លាន​ដុល្លារ​ នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ (KOICA​)បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ម៉ាស៊ីនភ្លើង​ថ្មី​ ដែល​មាន​សមត្ថភាព​ខ្ពស់​ដល់ទៅ៥១០KVA​ និង​កែ​លម្អ​ប្រព័ន្ធ​ទឹក​សួនច្បារ​ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ កម្ពុជា​ (Cambodia​-CATC​)។

ការ​បន្ត​គាំទ្រ​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​របស់​កម្ពុជា​ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស​ធនធានមនុស្ស​ក្នុង​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​នៅ​កម្ពុជា​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ KOICA​ ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

គោលបំណង​នៃ​ការ​ផ្តល់​ម៉ាស៊ីនភ្លើង​ ដែល​មាន​កំលាំង​ខ្លាំង​នេះ​ ដើម្បី​ផ្គត់ផ្គង់​កំលាំង​អគ្គីស​នី​ប្រើប្រាស់​ឲ្យបាន​គ្រប់គ្រាន់​នៅក្នុង​ អាគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ ដែល​រួមមាន​ សកម្មភាព​បង្រៀន​ ជំនួយ​ក្នុង​សកម្មភាព​បង្រៀន​ ឧបករណ៍​ជំនួយ​ចរាចរណ៍​(NAVAID​) បរិ​ក្ខា​ឧបករណ៍​វាស់​ប្រេកង់​ខ្ពស់​ (VOR​) ឧបករណ៍​វាស់​ចម្ងាយ​ (DME​) ឧបករណ៍​ប្រព័ន្ធ​ចុះចត​ (ILS​) ការ​ត្រួតពិនិត្យ​ចរាចរណ៍​តាមអាកាស​ (ATC​) ឧបករណ៍​សុវត្ថិភាព​អាកាសចរ​(AVSEC​) ព្រមទាំង​សម្រាប់​ការរៀបចំ​កម្មវិធី​ផ្លូវការ​នានា​ ក្នុងករណី​ដាច់​ចរន្ត​អគ្គិសនី​របស់​រដ្ឋ​។

សកម្មភាព​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ទឹក​ក្នុង​សួនច្បារ​ នៅក្នុង​អគារ​នេះ​រួមមាន១​)-ការ​តំឡើង​ឧបករណ៍​សប់​សម្ពាធ​ទឹក​ឲ្យ​ហូរ​ខ្លាំង​ ដើម្បី​ផ្គត់ផ្គង់​ប្រព័ន្ធ​ទឹក​នៅក្នុង​សួនច្បារ​។ ២)-ការ​តំឡើង​បំពង់​ទឹក​ថ្មី​ ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​លំហូរ​ទឹក​នៅក្នុង​សួនច្បារ​។

គោលបំណង​នៃ​សកម្មភាព​ទាំងនេះ​ ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ សិស្ស​ និង​គ្រូ​ ក្នុង​ការ​ជួយ​ថែរក្សា​បរិស្ថាន​រៀន​ ដែល​មាន​ផាសុ​ខភាព​ តាមរយៈ​ពណ៌​ធម្មជាតិ​នៃ​ស្មៅ​ ផ្កា​ និង​ដើមឈើ​ ហើយ​សួន​នេះ​ជួយ​បន្ធូរ​ នូវ​ភាព​តានតឹង​ពី​ការ​បង្រៀន​និង​ការរៀនសូត្រ​។ លើស​ពីនេះ​ទៅទៀត​ វា​អាច​ក្លាយជា​ទីធ្លា​ សម្រាប់​រៀន​ ដែល​សិក្ខាកាម​ទាំងអស់​អាច​ចូលរួម​ក្នុង​ការ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ​ការ​។

គម្រោង​សាងសង់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ នៅ​រាជធានី​ភ្នំពេញ​នេះ​ គឺជា​កម្មវិធី​ផ្តល់​ឲ្យ​កម្ពុជា​ ក្រោម​គម្រោង​ជំនួយ​ហិរញ្ញប្បទាន​ ឥត​សំណង​របស់​ទីភ្នាក់ងារ​កយកា​ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ១០,១​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​រួមបញ្ចូល​ទាំង​ការសាងសង់​កន្លែង​បង្រៀន​ និង​ការ​បណ្តុះបណ្តាល​និស្សិត​អាកាសចរ​ ដោយ​គ្រូ​ជនជាតិ​កូរ៉េ​។

គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០១៨​ ហើយ​បច្ចុប្បន្នKOICAកំពុង​អនុវត្ត​ ការ​គាំទ្រ​បន្ថែម​ទៀត​ ស្របតាម​សំណើ​បន្ថែម​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​រួមមាន​ការ​ផ្តល់​ម៉ាស៊ីនភ្លើង​ថ្មី​ និង​ការ​កែ​លម្អ​ប្រព័ន្ធ​ទឹក​សួនច្បារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here