ដោយ ប៊ី
ភ្នំពេញៈ ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងចិនបានកើនដល់ចំនួនក្រុមហ៊ុនអាកាសចរចំនួន១៩ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនអាកាសចរកម្ពុជាមានចំនួន៥ ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរចិនមានចំនួន១៤ ក្រុមហ៊ុន ដែលកំពុងធ្វើការហោះហើរជាប្រក្រតីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកម៉ៅ ហាវណ្ណាល់បានឲ្យដឹងកាលពីថ្ងៃទី២៧ សីហាកន្លងមកថា ការហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងនានានៅប្រទេសចិនមាន២៣ ទីក្រុងពីខេត្តសៀមរាប ដល់ទៅ២៣ទីក្រុង និងពីខេត្តព្រះសីហនុ រហូតដល់ទៅ១៥ទីក្រុង ដោយក្នុងនោះមានចំនួនជើងហោះប្រក្រតីសរុបប្រហែល៥០០ជើងក្នុងមួយសប្តាហ៍។
ការដឹកអ្នកដំណើរតាមផ្លូវអាកាសកម្ពុជា បានចូលរួមចំណែកផ្តល់់ចំណូលសេដ្ឋកិច្ច២,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០១៨នេះ។
កាលពីឆ្នាំ២០១៨កម្ពុជាបានដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសប្រមាណ១០លាននាក់ ជាមួយនឹងអត្រាកំណើន ២៣ ភាគរយ បានផ្តល់ការងារធ្វើដោយផ្ទាល់ និងប្រយោល១,៧លាននាក់។
លោក ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងកាលពីថ្មីៗនេះថា នៅឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា បានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសប្រមាណ១០លាននាក់ ជាមួយនឹងអត្រាកំណើន២៣ភាគរយ បានផ្តល់ការងារធ្វើដោយផ្ទាល់ និងប្រយោល១,៧លាននាក់ និងបានចូលរួមចំណែក ចំណូលសេដ្ឋកិច្ចប្រមាណ២,៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរអ៊ែរ បានចូលរួមចំណែកប្រមាណ១០% នៃលទ្ធផលដ៏ល្អនេះ”៕