ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Advice IT Infinite ដែលជាក្រុមហ៊ុនលក់រាយផលិតផល និងគ្រឿងបន្លាស់អាយធី គ្រោងនឹងចុះបញ្ជីនៅផ្សារភាគហ៊ុនថៃនៅត្រីមាសទី៣ឆ្នាំក្រោយ ខណៈក្រុមហ៊ុនកំពុងសម្លឹងមើល ការពង្រីកការលក់ទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀតរួមទាំងកម្ពុជា និងមីយ៉ាន់ម៉ានៅឆ្នាំ២០២០។
លោក Chukkrit Watcharasaksilp ប្រធានផ្នែកលក់និងទីផ្សារ បានប្រាប់កាសែត The Nation ថា ក្រុមហ៊ុននឹងជំរុញការលក់ តាមរយៈហាងលក់ដុំ និងលក់រាយដល់ប្រមាណ១៣ពាន់លានបាតនៅចុងឆ្នាំនេះ ដោយទីកន្លែងលក់ពីរបានរួមចំណែក៥០ភាគរយ។ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន១២,៧ ពាន់លានបាតកាលពីឆ្នាំមុន។
-->
ក្រុមហ៊ុននឹងពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់កម្ពុជា និងមីយ៉ាន់ម៉ានៅឆ្នាំក្រោយ បន្ទាប់ពីទទួលបានសិទ្ធិអាជីវកម្មចំនួន២០នៅក្នុងប្រទេសឡាវកាលពីឆ្នាំមុន។
ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ចំនួន ៧០លានបាត ក្នុងសកម្មភាពទីផ្សារ និងការជួសជុលសាខាក្រុមហ៊ុនដើម្បីជំរុញទីផ្សារ និងកំណើនប្រាក់ចំណូលឱ្យបាន៥ភាគរយរៀងរាល់ឆ្នាំ។
បច្ចុប្បន្ននេះមានសាខា១១២សាខា និងមានហាង Franchise ២៣០ នៅទូទាំងប្រទេស។ សាខាចំនួន២០ទៀត នឹងត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ដែលផ្គត់ផ្គង់នូវផលិតផលអាយធី និងគ្រឿងបន្លាស់ជាង១០,០០០ មុខក្នុងទីផ្សារ។
សាខាថ្មីភាគច្រើននឹងមានទីតាំងនៅទីក្រុងបាងកក និងតំបន់ជុំវិញរបស់ខ្លួននៅតាមហាងលក់ទំនិញទំនើបៗដូចជា ផ្សារទំនើប Central និងផ្សារទំនើប Big C៕