ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងរៀបចំផែនការមេជាតិភស្តុភារកម្ម ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំប្រកបដោយស្ថិរភាព និងមានទំនុកចិត្តខ្ពស់។
ផែនការមេជាតិភស្តុរកម្មនេះ ក៏បានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការអភិវឌ្ឍនិងធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ស្ពាន និងកំពង់ផែ ជាដើម ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា នៅគ្រប់ច្រកល្ហក សំដៅឱ្យសង្វាក់នៃការដឹកជញ្ជូនប្រព្រឹត្តទៅដោយរលូន។
-->
យោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី ២៩ ម្សិលមិញនេះ បានពិភាក្សាផ្តោតជាសំខាន់លើការប្រមូលធាតុចូលបន្ថែម ក៏ដូចជាកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារនូវរាល់ចំណុចខ្វះខាត ដើម្បីធានាឱ្យផែនការមេជាតិភស្តុភារកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល មុននឹងដាក់ជូនទៅប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្មពិនិត្យនៅមុនដំណាច់ឆ្នាំ២០១៩នេះ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ អរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកយ៉ាងផុលផុសក្នុងការផ្ដល់ធាតុចូលដ៏មានសារសំខាន់ ដើម្បីធានាឱ្យផែនការមេជាតិភស្តុភារកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ លើថ្លៃសេវានៃការដឹកជញ្ជូនប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព។
យោងតាមរបាយការណ៍ការសិក្សាផែនការមេស្តីពី ការកែលម្អប្រព័ន្ធភស្តុភារកម្ម នៅកម្ពុជាបានបង្ហាញថា កម្ពុជាបានធ្វើឲ្យមានការរីកចម្រើនដ៏ល្អ ក្នុងការកែលម្អវិស័យភាស្តុភារកម្ម ប៉ុន្តែលទ្ធផលអនុវត្តន៍ភស្តុភារកម្មរបស់កម្ពុជាស្ថិតក្នុងកម្រិតទាប ជាងមធ្យមនៅឡើយ។ នេះបើតាមរបាយការណ៍អនុវត្តភស្តុភារកម្មអន្តរជាតិ និង/ឬសូចនាករទាំងឡាយដូចជា របាយការណ៍ប្រកួតប្រជែងក្នុងទីផ្សារសាកល នៃវេទិកាសេដ្ឋកិច្ចពិភពលោក សន្ទស្សន៍ប្រកួតប្រជែងពិភពលោករបស់វិទ្យាស្ថានគ្រប់គ្រងអន្តរជាតិ និងសន្ទស្សន៍លទ្ធផល អនុវត្តភស្តុភារកម្ម របស់ធនាគារពិភពលោក។
តាមទស្សនវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិន្ទុមធ្យមរបស់កម្ពុជា គឺនៅទាបជាងបន្តិច ពីចំណុចមធ្យមនីមួយៗ ដូច្នេះមានន័យថាហេដ្ឋារចនាសម្ព័ន្ធត្រូវបានចាត់ទុកថា ទាបជាងពិន្ទុកំណត់បន្តិច ហើយត្រូវមានការកែលម្អបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន និងអនាគត។ តាមទស្សនស្ថាប័ន និងគោលនយោបាយកម្ពុជា ត្រូវបានវាយតម្លៃថា បានអនុវត្តក្នុងកម្រិតខ្សោយចំពោះបញ្ហាធ្ងន់ធ្ងរនានា ដែលទាក់ទងទៅនឹងអភិបាលកិច្ច និងតម្លាភាព។
ទោះបីជានីតិវិធីអេឡិចត្រូនិក ត្រូបានដាក់ឱ្យអនុវត្តក៏ដោយ ក៏ពាណិជ្ជកម្មករ និងអ្នកផ្តល់សេវា នៅតែមានការតវ៉ាអំពីលក្ខណខណ្ឌតម្រូវខាងឯកសារ និងអធិការកិច្ចលើការនាំចេញ-ចូលដដែល។ លទ្ធផលអនុវត្តរបស់អ្នកផ្តល់សេវាភស្តុភារកម្ម និងពាណិជ្ជករវិស័យឧស្សាហកម្ម ដូចជាក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនបញ្ជូនទំនិញបានកែលម្អ ; ដោយអនុលោមទៅតាមសន្ទស្សន៍អនវត្តន៍ ភស្តុភារកម្ម ប៉ុន្តែត្រូវមានការកែលម្អបន្ថែមជាចាំបាច់ ដើម្បីឱ្យសម្រេចបានបរិយាកាស ពាណិជ្ជកម្ម និងភស្តុភារកម្ម ដែលដូចគ្នាទៅនឹងបរិយាកាសពាណិជ្ជកម្ម និងភស្តុភារកម្មរបស់ថៃ និងវៀតណាម។
កម្ពុជារងគ្រោះពីការចំណាយខ្ពស់ លើភស្តុភារកម្មក្នុងថ្លៃលក់ បើធៀបនឹងប្រទេសថៃ និងវៀតណាម។ ថ្លៃចំណាយលើការដឹកជញ្ជូននៅកម្ពុជា មានអត្រាខ្ពស់ជាងគេបំផុត បន្ទាប់ពីថ្លៃចំណាយលើការអនុវត្តសារពើភណ្ឌ ហើយថ្លៃចំណាយលើសេវាឃ្លាំងស្តុកក៏ខ្ពស់ផងដែរ។ ថ្លៃចំណាយខ្ពស់លើសារពើភណ្ឌ គឺជាផលវិបាក ដែលកើតចេញពីភាពមិនទុកចិត្តបាននៃប្រព័ន្ធភស្តុភារកម្មនៅក្នុងប្រទេស៕

