ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំណាងរដ្ឋាភិបាលកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្តដល់គណប្រតិភូចិនមកពីខេត្តស៊ីឈួន ដឹកនាំបណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនចិន ចូលមកវិនិយោគបន្ថែមនៅកម្ពុជា ជាមួយនឹងការបង្ហាញពីឱកាស និងសក្ដានុពលនៃការវិនិយោគ។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ពេជ ឬទ្ធី បានមានប្រសាសន៍នៅក្នុងឱកាសជំនួបពិភាក្សាជាមួយគណៈប្រតិភូចិន ដែលដឹកនាំដោយលោក ជាង ស៊ាតុង អភិបាលរងទីក្រុងណៃជាំង ខេត្តស៊ីឈួន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះថា កម្ពុជាមានសក្តានុពល និងកាលានុវត្តភាពធុរកិច្ចច្រើន ដែលអាស្រ័យផល និងឱកាសល្អក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្មជាដៃគូ។
-->
លោកបានបន្តថា “កម្ពុជាមានវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនជាលំដាប់”។
លោកបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងជំរុញការនាំចេញផលិតផល ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ឱ្យបានអតិបរិមា សំដៅធ្វើពិពិកម្មកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ”។
លោក ពេជ ឫទ្ធី ក៏បានលើកឡើងពីសមិទ្ធផល និងការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្មទៅលើបណ្តាក្រុមហ៊ុន និងធុរជននានាដែលចូលមកធ្វើវិនិយោគនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់វិស័យពាណិជ្ជកម្ម និងប្រកបដោយស្ថិរភាព មានសុវត្ថិភាពខ្ពស់ ។
តំណាងប្រតិភូចិន លោក ជាង ស៊ាតុង បានថ្លែងអំណរគុណ និងរីករាយក្នុងការទទួលបានព័ត៌មានលម្អិតពីការវិនិយោគ ក៏ដូចជាសមិទ្ធផលសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប លោកក៏បានបង្ហាញពីការគាំទ្រនូវគោលបំណងរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសការលើកកម្ពស់បរិយាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។

ជាមួយគ្នានេះ លោកក៏បានសន្យាជួយផ្សព្វផ្សាយសក្តានុពល និងកាលានុវត្តភាពធុរកិច្ចរបស់កម្ពុជា ទៅកាន់សមាគមធុរជន និងវិនិយោគិន នៅក្នុងខេត្តស៊ីឈួន ដើម្បីទាក់ទាញការបណ្តាក់ទុនថែមទៀតពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ៕