ដោយ វុត្ថា
ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តសម្រេច លើសេចក្តីព្រាង “ច្បាប់ស្តីពីសំណង់” ដោយមានការកែសម្រួលពាក្យពេចន៍មួយចំនួននៅក្នុងមាត្រា៣ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។
-->
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនមកទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ និងបានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេស ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០១៩ និងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០១៩។
ក្រសួងយុត្តិធម៌បានជួយពិនិត្យកែសម្រួល លើបណ្ដាមាត្រាមួយចំនួន ក្នុងជំពូកពាក់ព័ន្ធនឹងនីតិវិធី និងទោសប្បញ្ញត្តិ ដើម្បីធានាឱ្យមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះ ក៏ត្រូវបានដាក់ឆ្លងការពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ផងដែរ។

សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ដូចជា៖
១) ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។-
២) ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ។
៣) បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
៤) បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម៕