ដោយគង់ សូរិយា
ភ្នំពេញ៖ របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ នឹងកើនឡើងដល់ ១៦៧៩ដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ កើនឡើងពី ១៥៤៨ដុល្លារអាមេរិកកាលពីឆ្នាំមុន។

ដោយគង់ សូរិយា
ភ្នំពេញ៖ របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ នឹងកើនឡើងដល់ ១៦៧៩ដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ កើនឡើងពី ១៥៤៨ដុល្លារអាមេរិកកាលពីឆ្នាំមុន។

របាយការណ៍ដែលបានផ្សព្វផ្សាយ កាលពីដើមសប្តាហ៍មុននេះបានឲ្យដឹងទៀតថា ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ ស្ថានភាពជីវភាពរបស់ប្រជាជនទូទៅមានភាពល្អប្រសើរ ដោយកំនើនផលិតផលក្នុងស្រុកជាមធ្យម សំរាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនពី១៥៤៨ដុល្លារ ដល់១៦៧៩ដុល្លារអាមេរិក ហើយអត្រាភាពក្រីក្រកំពុងកាត់បន្ថយមកនៅក្រោម១០ភាគរយ។ របាយការណ៍បានបន្តថា កម្ពុជាមានអត្រាគ្មានការងារធ្វើកម្រិតទាបបំផុតត្រឹម០,៣ភាគរយ។
តាមការប៉ាន់ប្រមាណក្នុងឆមាសទី១ឆ្នាំនេះ ការងារថ្មីដែលត្រូវបង្កើតក្នុងវិស័យឧស្សាហកម្មមានចំនួន១៤៦ពាន់នាក់ និងក្នុងវិស័យសេវាកម្មមានចំនួន២៥ពាន់នាក់ និងបានបង្កើតការងារ២៥ពាន់នាក់ សំរាប់អ្នកស្វែងរកការងារធ្វើនៅបរទេស។
របាយការណ៍ដដែលបានបន្តឲ្យដឹងថា “ស្ថានភាពទីផ្សារការងារមានលក្ខណៈវិជ្ជមាន ដែលអាចឆ្លើយតបបានតាមតម្រូវការស្វែងរកការងារសំរាប់យុវជន ដែលទើបដល់វ័យចូលទីផ្សារពលកម្ម និងប្រជាជនដែលចាកចេញពីមុខរបរ និងការងារក្នុងវិស័យកសិកម្ម”។
លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពសុខភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ ដោយកម្ពុជាអាចសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយដដែល ព្រោះផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មិនទាន់ជះចំណាយមកដល់កម្ពុជានៅឡើយ ហើយបញ្ហានៃការដក ឬមិនដកប្រព័ន្ឋអនុគ្រោះពន្ឋរបស់សហភាពអឺរ៉ុបពីកម្ពុជា ក៏មិនទាន់មានភាពច្បាស់លាស់ថាគេដកឬមិនដកនៅឡើយដែរ។

លោកបន្តថា “ក្នុងដំណាក់កាលកែទម្រង់ប្រព័ន្ឋហិរញ្ញវត្ថុសាធារណៈ និងការបង្កើនការប្រមូលពន្ឋរបស់អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ឋដាបានផ្តល់ចំណូលដល់រដ្ឋាភិបាលកាន់តែច្រើន ដើម្បីប្រើប្រាស់ក្នុងការវិនិយោគសាធារណៈ ក្នុងន័យជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា”៕