កម្ពុជា​ និង​ម៉ាឡេស៊ី​រំពឹង​ពង្រីក​ការ​វិនិយោគ​កាន់តែ​ធំជាង​មុន​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កើនឡើង​ខ្ពស់​

0

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ ការ​មកដល់​របស់​បុរស​ខ្លាំង​ម៉ាឡេស៊ី​នៅ​កម្ពុជា​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី២​ ដល់៤កញ្ញា​ខាងមុខនេះ​ គេ​រំពឹង​ថា​មេដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ស្វែងរក​កាលានុវត្តន៍​ភាព​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កាន់តែ​ធំឡើង​នា​ពេល​អនាគត​។

លោកនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ Mahathir​ Mohamad​ នឹង​ធ្វើជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការ​ជៀសវាង​ពន្ធ​ត្រួត​ស៊ី​គ្ន​ (DTA​) ដែល​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ម៉ាឡេស៊ី​។

ការបង្កើត​ DTA​ គឺជា​របៀបវារៈ​សំខាន់​មួយ​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Mahathir ​មកកាន់​កម្ពុជា​ ដែល​នេះ​គឺជា​លើក​ទី១ដែល​លោក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ បន្ទាប់ពី​ត្រូវ​បាន​តែងតាំង​ជានា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជា​លើក​ទី​ ២ បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​កាសែត​ Malaymail​ នៅ​ថ្ងៃនេះ​។

ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ លោក​ Eldeen​ Husaini​ Mohd​ Hashim​ បាន​មានប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​នេះ​ក៏​ត្រូវ​បាន​គេ​សង្ឃឹមថា​ នឹង​ជំរុញ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ “យើង​រង់ចាំ​អស់​រយៈពេល​ជាយូរមកហើយ​ សម្រាប់​កិច្ច​ព្រមព្រៀង​នេះ​។ កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន​ចុងក្រោយ​ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ DTA​ ជាមួយ​ប្រទេស​ម៉ាឡេស៊ី​”។

លោ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​ថា​ “ការ​ដាក់​ពន្ធ​ទ្វេរ​ដង​បាន​រារាំង​វិនិយោគិន​ម៉ាឡេស៊ី​មិន​ឲ្យ​មក​កម្ពុជា​។ ជាមួយ​DTA​ ក្រុមហ៊ុន​ម៉ាឡេស៊ី​កាន់តែ​ច្រើន​អាច​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​ទីនេះ​”។

លោក​ Eldeen​ Husaini​ បាន​មានប្រសាសន៍​ថា​ ក្នុងរយៈពេល៣ខែ​ដើមឆ្នាំ​នេះ​ ស្ថានទូត​បាន​ទទួលពាក្យ​សុំ​ចំនួន២០ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ដែល​ចង់​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​រួម​ទាំង​គម្រោង​សណ្ឋាគារ​ ដែល​មាន​បន្ទប់​ចំនួន២​,០០០​ បន្ទប់​មានតម្លៃ​ប្រមាណ៤ពាន់​លាន​ដុល្លារ​។

ក្រៅពី​ DTA​ លោក​បណ្ឌិត​ Mahathir​ ក៏​នឹង​ធ្វើជា​សាក្សី​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ទេសចរណ៍​ម៉ាឡេស៊ី​ កម្ពុជា​ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​វាង​ទេស​ទាំងពីរ​។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​បណ្ឌិត​ Mahathir​ បន្ទាប់ពី២៥ឆ្នាំ​។ ទស្សនកិច្ច​ផ្លូវការ​ចុងក្រោយ​របស់​លោក​នៅ​កម្ពុជា​គឺ​នៅ​ឆ្នាំ១៩៩៤​។

លោក​ Eldeen​ Husaini​ បាន​និយាយ​ថា​លោក​ បណ្ឌិត​ Mahathir​ ដែល​នឹង​អមដំណើរ​ដោយ​ភរិយា​របស់​លោក​ លោក​ Tun​ Dr​ Siti​ Hasmah​ Mohd​ Ali​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មកដល់​ទីនេះ​នៅ​ថ្ងៃនេះ​ ហើយនឹង​មានកាល​វិភាគ​ដ៏​មមាញឹក​ នៅពេល​មកដល់​ដោយ​ចាប់ផ្តើម​ពី​កិច្ចពិភាក្សា​មួយ​ដែល​មាន​ប្រធានបទ​ ទំនាក់ទំនង​តុល្យភាព​ជាមួយ​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោកនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ ក៏​គ្រោង​នឹង​ទទួល​បានការ​ជួប​សំដែង​ការគួរសម​ពី​មេដឹកនាំ​ឥស្លាម​កម្ពុជា​លោក​ Othman​ Hassan​ ទេស​រដ្ឋមន្រ្តី​ទទួលបន្ទុក​ផ្នែក​ឥស្លាម​ជួប​ជាមួយ​សហគមន៍​ឥស្លាម​ និង​ចូលរួម​ទទួលទាន​អាហារ​ពេលល្ងាច​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​នៅ​ទីនេះ​មុន​ពេល​បញ្ចប់​ថ្ងៃ​ដំបូង​ ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​ថ្ងៃស្អែក​។

នៅ​ថ្ងៃទី២​ លោក​បណ្ឌិ​ Mahathir​ គ្រោង​នឹង​ចូលរួម​ និង​ជួប​សម្តែង​ការគួរសម​ជាមួយ​ជា​ផ្លូវការ​នៅ​វិមាន​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​។

មេដឹកនាំ​ទាំងពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ពិភាក្សា​អំពី​បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ក៏ដូចជា​ កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​ វិស័យ​ការពារ​ជាតិ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ហា​ឡាល់​។

នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ​។

នៅ​ថ្ងៃ​ដដែល​នោះ​លោក​បណ្ឌិត​ Mahathir​ ក៏​នឹង​ចូលរួម​កិច្ចពិភាក្សា​ជាមួយ​ពាណិជ្ជករ​ និង​វិនិយោគិន​ម៉ាឡេស៊ី​ ដែល​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ចំនួន២៨​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​។

ប្រទេស​កម្ពុជា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​ទី៨របស់​ម៉ាឡេស៊ី​ នៅ​អាស៊ាន​ និង​ទី៥០​ នៅ​លើ​ពិភពលោក​។

ទំហំ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ និង​កម្ពុជា​កាលពី​ឆ្នាំមុន​មាន​ចំនួន៥៥៨​ លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ក្នុងរយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំនេះ​ តម្លៃ​បាន​កើនឡើង​ដល់៤២២​,៦ លាន​ដុល្លារ​អាមេរិក​ កើនឡើង៣៩​,២ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here