ប្រទេសចិនបន្តឈ្នះសង្គ្រាមពាណិជ្ជកម្មខណៈវិស័យផលិតកម្មអាមេរិកធ្លាក់ចុះជាលើកដំបូង

0

ដោយ ៖ Donald Lee

សហរដ្ឋអាមេរិក ៖ រោងចក្រចិនបានពង្រីកផលិតកម្មយ៉ាងឆាប់រហ័សនៅក្នុងខែសីហា ខណៈវិស័យផលិតកម្ម សហរដ្ឋអាមេរិកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។

សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន ដោយប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក បានដំឡើងពន្ធលើទំនិញនាំចូលដែលបង្កឱ្យមានភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចនៅក្នុងទីផ្សារនៅជុំវិញពិភពលោក។

វិស័យផលិតកម្មអាមេរិកបានធ្លាក់ចុះ ជាលើកដំបូងនៅក្នុងខែសីហា បន្ទាប់ពីមានកំណើនជាង៣ឆ្នាំ។ នេះបើយោងតាមវិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ (ISM)។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ដែលជាឧបករណ៍របស់វិទ្យាស្ថាន ISM សម្រាប់វាស់ស្ទង់សុខភាពសេដ្ឋកិច្ច នៃវិស័យផលិតកម្មបានថយចុះមកត្រឹម ៤៩,១ ភាគរយ ដែលបង្ហាញពីការធ្លាក់ចុះដំបូងក្នុងវិស័យនេះ បន្ទាប់ពីមានកំណើនរយៈពេល៣ឆ្នាំ។

លទ្ធផលសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ដែលក្រោម៥០ភាគរយ បង្ហាញពីវិស័យផលិតកម្មធ្លាក់ចុះ។ លទ្ធផលជាង៥០ភាគរយឆ្លុះបញ្ចាំងពីការពង្រីកវិនិយោគ។

ទីផ្សារនៅអាមេរិកដូចជា ផ្សារហ៊ុនក្រុមហ៊ុន Dow Jones បានធ្លាក់ចុះ៣០០ពិន្ទុ ខណៈដែលវិនិយោគិនភ័យខ្លាចការធ្លាក់ចុះសេដ្ឋកិច្ច។

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកជួបការលំបា​ក ជាពិសេសវិស័យផលិតកម្ម ខណៈការនាំចេញរបស់អាមេរិកចាប់ផ្តើមធ្លាក់ចុះ។

លោក Timothy Fiore ប្រធានគណៈកម្មាធិការអង្កេតអាជីវកម្មផលិតកម្មនៃវិទ្យាស្ថាន ISM បាននិយាយថា “អ្នកឆ្លើយតបបានបង្ហាញការព្រួយបារម្ភបន្តិច អំពីភាពច្របូកច្របល់ពាណិជ្ជកម្មរវាងអាមេរិក និងចិន ប៉ុន្តែពាណិជ្ជកម្ម នៅតែជាបញ្ហាសំខាន់បំផុតដែលបង្ហាញដោយការធ្លាក់ចុះនៃការបញ្ជាទិញនាំចេញថ្មី”។

ទន្ទឹមនឹងនេះ វិស័យផលិតកម្មចិនបានកើនឡើង មិននឹកស្មានដល់នៅក្នុងខែសីហា។ សន្ទស្សន៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ចិនមាន៥០,៤ ភាគរយសម្រាប់ខែនេះលើសពីការព្យាករណ៍ ដែលបង្ហាញពីការពង្រីកវិនិយោគនៅក្នុងវិស័យនេះ។

ទោះយ៉ាងណាអ្នកនិពន្ធនៃរបាយការណ៍ PMI របស់ចិនបានព្រមានថា លទ្ធផលខែ សីហា មិនបានបង្ហាញពីនិន្នាការកំណើនរយៈពេលវែងទេ ហើយបានឲ្យដឹងថា សូចនាករទាំងអស់ ចង្អុលបង្ហាញពីការធ្លាក់ចុះ នៃផលិតកម្មស្របតាមសេដ្ឋកិច្ចប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។

អ្នកវិភាគដែលធ្វើការលើសន្ទស្សន៍ អ្នកគ្រប់គ្រងការទិញរោងចក្រ Caixin / Markit បានសរសេរថា “តម្រូវការសរុបមិនបានប្រសើរឡើងទេ ហើយតម្រូវការបរទេសក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរដែលធ្វើឱ្យស្តុកផលិតផលកើនឡើង”។ លោកបានបន្ថែមថា “មិនមានសញ្ញាណាមួយ បង្ហាញពីភាពប្រសើរឡើងនៃឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការបំពេញបន្ថែមស្តុកទំនិញ ឬនៅក្នុងទំនុកចិត្តរបស់ពួកគេនោះទេ។ តម្លៃឧស្សាហកម្មធ្លាក់ចុះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here