ដោយៈ រ៉ាណេត
ភ្នំពេញៈ គណៈកម្មការ CEO Award ដែលរៀបចំឡើងដោយ CEO Master Club នឹងចាប់ផ្តើមធ្វើការវាយតម្លៃទៅលើកម្រិតនៃគុណភាព ប្រសិទ្ធភាពលើមុខជំនួញ បង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍអាជីវកម្មឬក្រុមហ៊ុនរបស់ខ្លួន ដើម្បីទទួលបានពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩។
នៅក្នុងចំណោមសមាជិកពេញសិទ្ធិទាំងអស់របស់ CEO Master Club ដែលមានរហូតជាង១០០០នាក់ សុទ្ធតែមានឱកាសដាក់ពាក្យចូលរួម ប្រកួតដណ្ដើមយកពានរង្វាន់ភាពជាសហគ្រិនឆ្នើមប្រចាំឆ្នាំ។ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែខ្លាំងក្លាក្នុងការអភិវឌ្ឍអាជីវកម្ម និងក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាអ្នកអាស្រ័យផលមានភាពរីកចម្រើន ជាពិសេសបានចូលរួមចំណែកកសាងសេដ្ឋកិច្ចនៅក្នុងស្រុកឱ្យកាន់តែរឹងមាំ។
នាយក CEO Master Club លោក ផេង សៅឆេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្មវិធីប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ភាពជាសហគ្រិនឆ្នើម ត្រូវបានCEO Master Club រៀបចំរៀងរាល់មួយឆ្នាំម្ដងចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។
លោកបានបន្តទៀតថា “នៅក្នុងចំណោមសមាជិករបស់ CEO Master Club ចំនួនជាង១០០០នាក់ សុទ្ធតែមានសិទ្ធិក្នុងការដាក់ពាក្យចូលរួមប្រកួតទាំងអស់”។ លោកបន្តថា “ការសម្រេចជាលទ្ធផល ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងសុក្រឹត្យពីសំណាក់គណៈកម្មការជំនាញ និងឯករាជ្យចំនួន៦រូប ដោយជាជំហានដំបូងវាយតម្លៃទៅលើតាមរយៈកំណត់ត្រា ដែលបានសរសេរបង្ហាញនៅលើពាក្យស្នើសុំ ចូលរួមប្រកួត (Short List) ដោយជម្រើសយកត្រឹម២០នាក់ ដើម្បីជ្រើសរើសយកចំនួន១០នាក់ចុងក្រោយដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ”។
សម្រាប់អ្នកជាប់ក្នុងជម្រើសទាំង២០នាក់ នឹងត្រូវធ្វើបទបង្ហាញលម្អិតពីសកម្មភាពនៃការដឹកនាំអាជីវកម្ម ក្រុមហ៊ុន ក៏ដូចជាលទ្ធផលដែលទទួលបាននាពេលបច្ចុប្បន្ន និងក្ដីរំពឹងទៅថ្ងៃខាងមុខ មុនពេលក្រុមហ៊ុនទាំងនោះត្រូវជ្រើសរើសចំណាត់ថ្នាក់ក្នុងជម្រើស១០នាក់ចុងក្រោយ។
លោកផេង សៅឆេងបានបញ្ជាក់ថា “លទ្ធផលនៃជ័យលាភ័យនឹងត្រូវប្រកាសនៅត្រឹមយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយអ្នកដែលជាប់ជម្រើស១០នាក់ចុងក្រោយ នឹងទទួលបានពានរង្វាន់ភាពជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ហើយបេក្ខភាពចំនួន១០នាក់ ដែលត្រូវបានជម្រុះក្នុងចំណោម២០នាក់ នឹងទទួលបានមេដាយភាពជាសហគ្រិនឆ្នើម”។
ក្រៅពីការប្រគល់ពានរង្វាន់ដល់បេក្ខភាព ជាសហគ្រិនឆ្នើមប្រចាំឆ្នាំចំនួនរូប ក៏មានការរៀបចំកម្មវិធីប្រគល់ពានជ័យលាភីទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនរូបណាដែលបានតស៊ូខិតខំប្រឹងប្រែង កសាងសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី៨កម្មវិធីឡើងទៅ ដើម្បីមានសមត្ថភាពក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានភាពរឹងមាំផងដែរ។
នាយកប្រតិបត្តិសាលាអចលនទ្រព្យកម្ពុជា ដែលជាផ្នែកមួយរបស់ CEO Master Club លោក ខាត់ បូរ៉ា ធ្លាប់បានឱ្យដឹងថា គោលបំណងនៃកម្មវិធីប្រចាំឆ្នាំមួយនេះ មានគោលដៅសំខាន់ៗមួយចំនួនដូចជា ទី១ លើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែខ្លាំងក្លាក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ច ក្នុងស្រុកឱ្យកាន់តែរឹងមាំ។ ទី២ ចង់ពង្រឹង និងពង្រីកកិច្ចទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្ម ក្នុងចំណោមសហគ្រិនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនងគាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង។ ទី៣ លើកទឹកចិត្តសហគ្រិនដែលបានខិតខំប្រឹងប្រែង កសាងសមត្ថភាពរបស់ខ្លួនជាមួយ CEO Master Club ក្នុងការដឹកនាំ គ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅជាស្ដង់ដារតាមរយៈការផ្តល់ជូន Master CEO Award ។
ទី៤ ទទួលស្គាល់ស្នាដៃសហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួន គួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ពីលក្ខណៈគ្រួសារទៅស្ដង់ដារ តាមរយៈការផ្តល់ជូន Outstanding CEO Award ៕