ដោយ Donald Lee
ភ្នំពេញ៖ រដ្ឋាភិបាលចិនឱ្យដឹងថា ការចរចាពាណិជ្ជកម្មជាមួយអាមេរិកនឹងចាប់ផ្តើមឡើងវិញនៅខែ តុលា ក្នុងទីក្រុងវ៉ាស៊ីនតោន។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍មួយឱ្យដឹងថា ការចរចាត្រូវបានគ្រោងនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែតុលា បន្ទាប់ពីមន្រ្តីពាណិជ្ជកម្មចិនលោក Liu He បានទាក់ទងជាមួយរដ្ឋមន្រ្តីក្រសួងរតនាគារ និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកតាមទូរស័ព្ទនៅថ្ងៃ ព្រហស្បតិ៍នេះ។
-->
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា “ភាគីទាំងពីរបានឯកភាពគ្នាថា ពួកគេគួរតែធ្វើការជាមួយគ្នា និងចាត់វិធានការជាក់ស្តែងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចា”។
សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមានកំដៅយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោកទាស់ទែងគ្នាជាមួយនឹងការដំឡើងពន្ធ និងបង្កឱ្យមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។
លោក Trump បានបន្តវាយប្រហារចិននៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ហើយបានចោទប្រកាន់រដ្ឋាភិបាលចិនថាបានពន្យាពេលការចរចាពាណិជ្ជកម្មដើម្បីធ្វើឱ្យប៉ះពាល់ដល់ឱកាសបោះឆ្នោតឡើងវិញរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២០ ខាងមុខ។
លោក Trump បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា “គិតថាតើនឹងមានអ្វីកើតឡើងចំពោះប្រទេសចិននៅពេលដែលខ្ញុំឈ្នះ។ កិច្ចព្រមព្រៀងនេះនឹងកាន់មានភាពតានតឹង។ ក្នុងពេលនោះ សង្វាក់ផ្គត់ផ្គង់ចិននឹងដួលរលំ ហើយអាជីវកម្ម ការងារនិងប្រាក់នឹងខាតបង់!”៕