ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារ ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន២២ខ្សែដែលរងខូចខាតដោយគ្រោះធម្មជាតិ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះថា សម្តេចនាយករដ្ឋមន្ត្រីទទួលការឯកភាពលើគម្រោងផ្តល់ហិរញ្ញប្បទានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក និងពីវិស័យឯកជនប្រមាណ ៤០០លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន២២ខ្សែ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លង។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាមេរិក និងណែនាំឲ្យអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ខាភិបាលកម្ពុជាធ្លាប់បានឱ្យដឹងថា ការចំណាយថវិការបស់រដ្ឋាភិបាលទៅលើខេត្តព្រះស៊ីហនុនេះ គឺដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនៅខេត្តព្រះសីហនុ, និងយន្តការនៃការអនុវត្តការងារឱ្យបានច្បាស់លាស់ ចំពោះការជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ដើម្បី ធានាបាននូវប្រសិទ្ធភាពការងារសំណង់ប្រកបដោយគុណភាព ទាន់ពេលវេលាក៏ដូចជាតម្លៃនៃថវិកា៕






