ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនចិន ហ្រ្គេន ហុងយាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក បានសម្រេចបោះទុនជាង១លានដុល្លារអាមេរិក វិនិនិយោគលើការបើកសិដ្ឋានចិញ្ចឹមបង្គារដែលចិញ្ចឹមក្នុងអាងផ្លាស្ទិច ស្ថិតនៅទីតាំងនៅភូមិព្រែក អំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំព។

-->
លោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេសរបស់ក្រុមហ៊ុន ហ្រ្គេន ហុង យាន បានឲ្យដឹងនៅក្នុងដំណើបំពេញបេសកកម្មរបស់លោករដ្ឋមន្ត្រីវេង សាខុន និងសហការី មកកាន់ខេត្តកំពតរយ: ពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់៨ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះថា បច្ចុប្បន្នក្នុងកសិដ្ឋានបានយក បច្ចេកវិទ្យាពីប្រទេសចិនក្នុងការសាងសង់ ការចិញ្ចឹមផ្តល់ចំណី ការគ្រប់គ្រង ប្រើប្រាស់ទឹក និងសម្អាតទឹក (water treatment)។
លោកថា “មានអាងចិញ្ចឹម ៣៤អាង ចិញ្ចឹមក្នុងរយ: ៣ខែ ទើបគ្រប់ទម្ងង់តាមស្តងដារទីផ្សារពី៣០-៣៥ក្បាលក្នុង ១គ.ក្រ ហើយទទួលបានតម្លៃពី៤-៥ពាន់រៀល/គ.ក្រ”។
លោកបន្តថា គិតមកត្រឹមបច្ចុប្បន្នក្រុមហ៊ុន បានបោះទុនវិនិយោគចំនួនជាង១លានដុល្លារ ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខានៗ សម្រាប់អភិវឌ្ឍកសិដ្ឋាន។ អាជីវកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាលសាកពិសោធន៍ពូជ ទឹក ចំណី និងលក្ខខណ្ឌចិញ្ចឹម។ល។ នាពេលខាងមុខនេះ ក្រុមហ៊ុនមានផែនការពង្រីកការចិញ្ចឹម ក្នុងដំណាក់កាលបន្តបន្ទាប់ ចំនួន៣២រោង លើផ្ទៃដី៣២ហិកតា ស្ថិតនៅទល់មុខកសិដ្ឋាននាពេលបច្ចុប្វន្ននេះ។
លោក រដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលរដ្ឋបានជលផលកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាចលករក្នុងការជំរុញកំណើរភោគផល ចាប់ពីវារីវប្បកម្មដោយធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូល។

លោករដ្ឋមន្ត្រីបន្តថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារនិងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម”៕

