ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងរូបភាពជាក្រុមហ៊ុនប្រកាសលក់ភាគហ៊ុន នៅលើគម្រោងវិនិយោគរួមកាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះ មានបុគ្គលមួយចំនួនបានផ្សព្វផ្សាយ និងទាក់ទាញប្រជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគក្រោមការឆបោកថា អាចទទួលបានអត្រាចំណេញខ្ពស់ រួមជាមួយការទទួលបានការប្រាក់ច្រើនក្នុងរយៈពេលខ្លី។

-->
អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បញ្ហានៃការឆបោកពីសំណាក់ជនខិលខូចមួយចំនួនកាលពីពេលកន្លងទៅនេះ វាបានក្លាយជាក្ដីព្រួយបារម្ភរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលកំពុងស្វះស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ជៀសវាងមានប្រជាពលរដ្ឋរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិ ឬចាញ់បោកគេ។
លោកបានបន្តទៀតថា “កាលពីពេលកន្លងទៅនេះ មានក្រុមហ៊ុននិងបុគ្គលមួយចំនួនបានដើរផ្សព្វផ្សាយ និងទាក់ទាញប្រជាពលរដ្ឋឱ្យដាក់សាច់ប្រាក់វិនិយោគនៅក្នុងគម្រោងវិនិយោគរួមដោយអះអាងថា មានកិច្ចសហការពីសំណាក់ក្រុមហ៊ុននៅបរទេស ក្នុងរូបភាពចូលហ៊ុនគ្នា ឬទិញចំណែកភាគហ៊ុនជាដើម ដោយការទទួលបានប្រាក់ចំណេញច្រើន និងក្នុងរយៈពេលខ្លី”។ លោកបានបន្តទៀតថា “ជាមួយនឹងការអះអាងទាំងនេះ មានបុគ្គលខ្លះទៀត បានសន្យាផ្តល់ប្រាក់ចំណេញ តាមរយៈការផ្តល់ការប្រាក់ជាប្រចាំសប្ដាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ នៅក្នុងអត្រាការប្រាក់ខ្ពស់ខុសពីធម្មតា”។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទៅលើគម្រោងវិនិយោគរួមដែលស្របច្បាប់ និងផ្តល់អាជ្ញាប័ណ្ណដោយគណៈកម្មការមូលបត្រកម្ពុជា មានត្រឹមតែ៤ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយក្រុមហ៊ុនចំនួន២ទៀត កំពុងតែស្ថិតនៅក្នុងដំណើរការនីតិវិធី និងការពិនិត្យឈានដល់ការសម្រេចផ្តល់អាជ្ញាប័ណ្ណ។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា “នៅក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋទាំងអស់គួរតែមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ចំពោះការសម្រេចចិត្តដាក់ប្រាក់វិនិយោគរួម នៅក្នុងគម្រោងណាមួយ ជាពិសេស ត្រូវសិក្សាឱ្យបានច្បាស់ពីក្រុមហ៊ុន ក៏ដូចជាបុគ្គលដែលដើរផ្សព្វផ្សាយអូសទាញ ដើម្បីឱ្យប្រាកដថា ជាក្រុមហ៊ុនស្របច្បាប់ ឬជាការបោកប្រាស់”។
ជាមួយនឹងការបង្ហាញពីក្ដីបារម្ភនៅក្នុងវិស័យនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CEO Master Club Investment PLC ដែលទើបតែទទួលបានអជ្ញាប័ណ្ណជាក្រុមហ៊ុនគ្រប់គ្រងមូលនីធិទី៤ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា “ការសម្រេចចិត្តចូលរួមនៅក្នុងគម្រោងវិនិយោគ គឺជារឿងដែលល្អ សម្រាប់អ្នកដែលមានដើមទុន ប៉ុន្តែមិនមានឱកាស ឬមិនអាចវិនិយោគបានដោយខ្លួនឯង”។

លោកបានបន្តទៀតថា “ប៉ុន្តែអ្វីដែលត្រូវប្រុងប្រយ័ត្ន គឺអ្នកវិនិយោគត្រូវឈរលើមូលដ្ឋាននៃការសម្រេចចិត្តបណ្តាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ឬជនឆបោក ដែលជាបទពិសោធន៍ធ្លាប់មានច្រើនរួចមកហើយ រហូតមានការដាក់ពាក្យប្ដឹងទៅកាន់តុលាការក៏មាន”។
លោកបានបញ្ជាក់ថា “នៅពេលដែលមានក្រុមហ៊ុន ឬបុគ្គលរូបណាព្យាយាមអូសទាញ ដោយការសន្យាផ្តល់ផលប្រយោជន៍ច្រើនជាងធម្មតា វាគឺជាចំណុចមួយដែលត្រូវតែមានការប្រុងប្រយ័ត្ន និងទាមទារឱ្យមានការសិក្សាលម្អិត ជៀសវាងមានការរងគ្រោះ ខាតបង់ទ្រព្យសម្បត្តិដោយការឆបោក”៕