ដោយ វុត្ថា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ លោក Pirkka Tapiola បានបញ្ជាក់ថា សហភាពអ៊ឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសថៃ ខណៈដែលកិច្ចចរចានេះ ត្រូវបានពន្យា ពេលយូរណាស់មកហើយ។
នៅក្នុងកិច្ចប្រជុំជាមួយ លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak កាលពីចុងសប្តាហ៍កន្លងមកនេះ លោក Tapiola បានបញ្ជាក់ថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការចរចាឡើងវិញ បន្ទាប់ពីជាប់គាំងអស់រយៈពេល ៥ឆ្នាំកន្លងមកនេះ។
លោកបន្តថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីបន្តកិច្ចចរចា FTA រវាងអាស៊ាន និងសហភាពអឺរ៉ុប ដោយលោកបានបន្ថែមថា ការចរចានឹងចាប់ផ្តើមបន្ទាប់ពីសហភាពអឺរ៉ុបបានដោះស្រាយលើគណៈកម្មការអឺរ៉ុបថ្មីមួយនៅខែក្រោយ។
បើតាមនាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ឋ ចាន់អូរចាបានឲ្យដឹងថា ប្រទេសថៃមានឆន្ទៈធ្វើភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ជាមួយប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ដូច្នេះលោកថាកិច្ចចរចា FTA នឹងមិនត្រូវចំណាយពេលយូរ។
លោកបានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទទួលយកតួនាទីកាន់តែធំ នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងអាស៊ាន និងមានបំណងចូលរួម ក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

វិនិយោគិនសហភាពអឺរ៉ុប ក៏បានបង្ហាញពីចេតនាប្រើប្រាស់ច្រករបៀងសេដ្ឋកិច្ចបូព៌ា ជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយប្លុកនេះ បានព្រមព្រៀងជួយលើកកម្ពស់ឧស្សាហកម្ម គោលដៅចំនួន១២របស់ប្រទេសថៃដែលផ្តោតសំខាន់លើបច្ចេកវិទ្យាខ្ពស់។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់ថៃ និងអាស៊ានខណៈដែលប្រទេសនេះជាអ្នកវិនិយោគធំជាងគេនៅអាស៊ាន៕






