ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ដែលអ្នកជំនួញគ្រប់គ្នាទាំងជាតិ និងអន្តរជាតិទទួលស្គាល់ថាជាកំពូលមហាសេដ្ឋីដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា បានទទួលការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បោះឆ្នោតអោយបន្តមុខតំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញក្នុងអាណត្តិថ្មី អាណត្តិទី៤ជាបន្តទៀត។

-->
ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ-កម្ពុជា ក្រោមអធិបតីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ការបោះឆ្នោតគាំទ្រជាបន្តទៀតពីសំណាក់សមាជិកសមាជិកាដ៏ឧត្តុង្គឧត្តម្ភនៃសភាពាណិជ្ជកម្មកម្ពុជា គឺសបញ្ជាក់ឲ្យឃើញថា អ្នកឧកញ៉ា ពិតជាឥស្សរជនដ៏ឧត្តុងឧត្តម្ភក្នុងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា មានស្នាដៃដ៏ធំធេង ក្នុងការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះបានធ្វើឲ្យប្រទេកម្ពុជាស្គាល់នូវការលូតលាស់ វិបុលភាព តាមលំនាំនៃសេដ្ឋកិច្ចទីផ្សារសេរី និងដំណើរការនៃលិទ្ធិប្រជាធិបតេយ្យ ជាគុណប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពរស់នៅជូនពលរដ្ឋកម្ពុជា។
ក្នុងអាណត្តិដឹកនាំរបស់អ្នកឧកញ៉ា បានធ្វើឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅកម្ពុជា និងបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានធុរកិច្ចសំខាន់ៗផងដែរ។

ប្រធានសភាពាណិជ្ជកម្មអាណត្តិទី១ គឺឧកញ៉ាលោក ថេង ប៊ុនម៉ា អាណត្តិទី២ គឺលោកឧកញ៉ា សុខ គង់ និងអាណត្តិទី៣ គឺអ្នកឧកញ៉ា គិត ម៉េង ជាប់២អាណត្តិ។ ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអស់រយៈពេល៣អាណត្តិស្មើនឹង ៩ឆ្នាំ រួចមកហើយ ហើយពេលនេះនៅតែបន្តកាន់តំណែងដឹកនាំសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិថ្មីទី៤ រយៈពេល៣ឆ្នាំបន្តទៀត ៕