រដ្ឋាភិបាល​កំពុង​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ទាក់ទាញ​ការ​វិនិយោគ​នៅ​តាម​ព្រំដែន

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់ចេញ​យន្តការ​ពិសេស​សម្រាប់​ការ​ទាក​ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​ និង​ព្រំដែន​កម្ពុជា​-វៀតណាម​ ស្របតាម​ស្មារតី​ និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើក​ទី១៨​ ។

យោង​តាម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ និង​ក្រុង​បាវិត​ ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ ១៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៩ម្សិលមិញ​នេះ​ របស់​មន្ត្រី​រដ្ឋាភិបាល​ បានឱ្យ​ដឹង​ថា​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​បូកសរុប​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​ទាំងពីរ​លើក​ ព្រមទាំង​ការ​ដាក់ចេញ​នូវ​កិច្ចការ​បន្ត​ចំពោះមុខ​ សម្រាប់​ជា​មូលដ្ឋាន​ឈាន​ទៅដល់​ការរៀបចំ​ដាក់ចេញ​នូវ​យន្តការ​ពិសេស​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ឱ្យ​កាន់តែ​ច្រើន​។

យន្តការ​ពិសេស​របស់​រដ្ឋាភិបាល​ដែល​នឹង​ដាក់ចេញ​រួមមាន​ជាអាទិ៍​ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ជាយដែន​ ការ​តភ្ជាប់​បណ្តាញ​ និង​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​ ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ​ និង​ការរៀបចំ​ឡើងវិញ​នូវ​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ទាំងនោះ​ និង​ ការរៀបចំ​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ ឬតំបន់​សេដ្ឋកិច្ច​ពិសេស​។

កិច្ចប្រជុំ​នេះ​ផង​ដែរ​ ត្រូវ​បាន​រៀបចំឡើង​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដឹកនាំ​ដោយ​ លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បន្ទាប់ពី​ការ​ចុះ​ធ្វើទស្សនកិច្ច​សិក្សា​បឋម​ និង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​ចំនួន​ពីរ​លើក​ គឺ​លើក​ទី១​ នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩​ និង​លើក​ទី២​ នៅ​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ កន្លងទៅ​។

បេសកកម្ម​នេះ​ត្រូវ​បាន​ធ្វើឡើង​ ដោយ​យោង​តាម​ស្មារតី​ និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើក​ទី១៨​ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៩​ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here