សភា​ពាណិជ្ជកម្ម​កម្ពុជា​គ្រោង​ពង្រីក​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​នៅ​អឺរ៉ុប​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​គោលដៅ​នៃ​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ ទៅកាន់​ទូទាំង​សាកលលោក​ឱ្យ​កាន់តែ​ឆាប់រហ័ស​ និង​ល្អ​ប្រសើរ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​គ្រោង​បើក​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​ ជាពិសេស​នៅក្នុង​ប្រទេស​ប៉ែក​អឺរ៉ុប​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៣​ កញ្ញា​នេះ​ថា​ វិស័យ​ពាណិជ្ជកម្ម​ គឺ​ចាំបាច់​បំផុត​ត្រូវ​មាន​កិច្ច​ទំនាក់ទំនង​ល្អ​ និង​ទូលាយ​ជាមួយ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ក្នុ​តំបន់​ ក៏ដូចជា​នៅ​លើ​សាកលលោក​ជា​សំខាន់​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ក្រោម​ការកិច្ច​គាំទ្រ​ និង​ការ​ចង្អុលបង្ហាញ​ពីសំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ព្យាយាម​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ និង​ឱកាសល្អ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ ទៅកាន់​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក​”។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បន្ត​ថា​ បច្ចុប្បន្ន​នេះ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ កំពុងតែ​ធ្វើតាម​ផែនការ​យុទ្ធសាស្ត្រ​ ដែល​បាន​ដាក់ចេញ​ និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជំរុញ​ និង​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​មានឱកាស​ និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​ដៃគូ​វិនិយោគ​របស់​ខ្លួន​ ក្រោម​ការ​ជួយ​សម្របសម្រួល​កំណែទម្រង់​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ព្យាយាម​ធ្វើការ​ជាមួយ​តំណាង​រដ្ឋាភិបាល​ ក្នុង​ការសម្រប​សម្រួល​ដល់​វិស័យ​ឯកជន​ជាច្រើន​ដោយ​បាន​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​រហូតដល់១៣ក្រុម​ ដោយមាន​រដ្ឋមន្ត្រី​ចំនួន១៣ក្រសួង​ចូលរួម​យ៉ាងសកម្ម​ផង​ដែរ​”។ លោក​បន្ត​ថា​ រដ្ឋាភិបាល​បានសម្រេច​លុបចោល​​នូវ​​នីតិវិធី​មួយចំនួន​ដែល​អាច​បង្ក​ភាព​រាំងស្ទះ​ និង​ឧបសគ្គ​ដល់​អ្នក​វិនិយោគ​ ដ៏​ដូចជា​ការនាំចេញ​ នាំចូល​ផលិតផល​នានា​ដើម​ ជាក់ស្ដែង​ដូច​បញ្ហា​គយ​ បញ្ហា​ការិយាធិបតេយ្យ​ ត្រូវ​បាន​លុបចោល​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​នានា​ នៅ​ទូទាំង​សាកលលោក​ឱ្យ​កាន់តែ​ទូលាយ​ និង​ឆាប់រហ័ស​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ចាប់​អនុវត្ត​គោលការណ៍​ចម្បង​ ដោយ​ការ​ដាក់​ពង្រាយ​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ប្រទេស​នានា​ ជាពិសេស​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ និង​ជឿនលឿន​ ដូចជា​ប្រទេស​ចិន​ ជប៉ុន​ សហរដ្ឋអាមេរិក​ បារាំង​ អង់គ្លេស​ ​សាំងហ្គាពួរ​ អូស្ត្រាលី​ និង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​យើង​បាន​ដាក់​ទីតាំងនៅ​ក្នុង​ប្រទេស​កាណាដា​ រួច​ទៅ​ហើយ​។

​លោក​លឹម​ ហេង​បាន​បញ្ជាក់​ថា​ “យើង​មាន​គម្រោង​ដាក់​ការិយាល័យ​តំណាង​នៅ​តាម​តំបន់​ និង​រដ្ឋ​ទាំងឡាយ​ណា​ ដែល​មាន​វត្តមាន​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ច្រើន​ ជាពិសេស​ ដូចជា​សហរដ្ឋអាមេរិក​ និង​បារាំង​ជាដើម​ ដែល​មាន​បងប្អូន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​”។

អ្នកជំនាញ​សិក្សាស្រាវជ្រាវ​​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅ​នឹង​គោលការណ៍​ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ខាងលើ​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “វា​ជា​រឿង​ល្អ​ប្រសិនបើ​យើង​អាច​ធ្វើ​ទៅ​បាន​ ដែល​វា​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ និង​ផ្តល់​ព័ត៌មាន​លម្អិត​ពី​កម្ពុជា​ទៅកាន់​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​ទាំងអស់​នោះ​”។

លោក​បាន​បញ្ជាក់​ថា​ “នៅពេល​មាន​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅក្នុង​ប្រទេស​ណាមួយ​ មានន័យថា​ កម្ពុជា​ត្រូវ​បាន​ស្ថិតនៅ​ក្នុង​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នោះ​”។

លោក​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​នោះ​ គឺ​ភាព​ប្រាកដប្រជា​ថា​អ្នកតំណាង​ការិយាល័យ​ត្រូវតែ​មាន​ភាព​ច្បាស់លាស់​ និង​យល់ដឹង​ស៊ីជម្រៅ​ពី​ទិដ្ឋភាព​វិនិយោគ​ ទិដ្ឋភាព​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​ ក៏ដូចជា​កិច្ច​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ និង​ប្រទេស​។ ប៉ុន្តែ​ប្រសិនបើ​អ្នកតំណាង​ការិយាល័យ​មាន​ភាព​មិន​ច្បាស់​ការណ៍​ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ វា​នឹង​ក្លាយទៅជា​បន្ទុក​បន្ថែម​របស់​រដ្ឋាភិបាល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here