ដោយៈ រ៉ាណេត
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រចាំឆ្នាំជាមធ្យម៧ ភាគរយ និងអតិផរណាប្រមាណ៣ភាគរយ។ ដូច្នេះគ្រួសារនិមួយៗគប្បីចាត់ចែងទ្រព្យសម្បត្តិ ដែលខ្លួនមានឱ្យមានប្រសិទ្ធភាពខ្ពស់ ពោលគឺយកទៅវិនិយោគ ដើម្បីឱ្យទទួលបានផលចំណេញយ៉ាងតិចណាស់រង្វង់១០ភាគរយក្នុង១ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា។
កិច្ចប្រឹងប្រែងក្នុងការរកចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ វាគឺជាកាតព្វកិច្ចចម្បងដែលត្រូវតែធ្វើជាប់ជាប្រចាំ ប៉ុន្តែការដែលចេះយកប្រាក់ចំណូល និងទ្រព្យធនដែលរកមកបានធ្វើការចាត់ចែង បែងចែក ដើម្បីទប់ទល់នឹងការចំណាយស្របទៅតាមស្ថានភាពជាក់ស្ដែងនៃទិដ្ឋភាពសង្គម និងសេដ្ឋកិច្ចទើបជារឿងដែលត្រូវគិតជាសំខាន់។
-->
អ្នកជំនាញវិភាគសេដ្ឋកិច្ចសង្គម និងអចលនទ្រព្យកម្ពុជា លោក ង៉ែត ជូ បានលើកឡើងថា តាមរយៈសំណេរនៅលើគណនីផ្ទាល់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ជាទូទៅសេដ្ឋកិច្ចនៅកម្ពុជា តែងមានកំណើនប្រចាំឆ្នាំជាមធ្យម ក្នុងរង្វង់ប្រមាណ៧ភាគរយ ជាមួយនឹងអតិផរណាប្រមាណ៣ភាគរយ ដែលតម្រូវឱ្យគ្រួសារនីមួយរកចំណូល និងបង្កើនធនធានឱ្យបានប្រមាណ១០ភាគរយប្រចាំ ដែលក្នុងនោះអាចជាការបង្កើនទ្រព្យដោយការវិនិយោគ ឬប្រកបអាជីវកម្មក្នុងរូបភាពណាមួយ។
លោបន្តថា ក្នុងគ្រាដែលលោក អ្នកមិនអាចមានលទ្ធភាព ឬអាចយកទ្រព្យសម្បត្តិដែលគ្រួសារមានទាំងអស់ទៅវិនិយោគបានដោយហេតុថា ការចំណាយរបស់ប្រចាំរបស់គ្រួសារមានតំរូវការជាមូលដ្ឋានខ្ពស់នោះ លោក អ្នកត្រូវតែបែងចែករវាងការចំណាយអាទិភាព និងការចំណាយមិនចាំបាច់។ ប្រសិនបើស្ថិតក្នុងស្ថានភាពគ្រួសារ មិនសូវសម្បូរធនធាន ឬទ្រព្យសម្បត្តិច្រើន តើគួរធ្វើយ៉ាងដូចម្តេច ទើបអាចតាមទាន់ស្ថានការនៃភាពរីកចម្រើនរបស់សង្គមបាន។
ជាដំណោះស្រាយ លោក ង៉ែត ជូ បានពន្យល់ថា យ៉ាងហោចណាស់៥០ភាគរយនៃទ្រព្យសម្បត្តិ គួរតែយកទៅវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើនជាង១០ភាគក្នុង១ឆ្នាំៗ ប្រសើរជាងការសន្សំទុកនៅតែក្នុងប្រអប់ ដោយគ្មានចរន្តសាច់ប្រាក់។លោកបានលើកជាឧទាហរណ៍មួយចំនួនដូចជា ទី១ ប្រសិនបើគ្រួសារទី១មានទ្រព្យសរុប១០ម៉ឺនដុល្លារអាមេរិក គ្រួសារនោះគប្បីរស់នៅផ្ទះ និងជិះរថយន្តដែលមានតម្លៃសរុបមិនលើសពី៥ម៉ឺន ដុល្លារអាមេរិកនោះទេ។
ប៉ុន្តែប្រសិនបើយកទ្រព្យសម្បត្តិ ដែលមានតម្លៃ៥ម៉ឺនដុល្លារអាមេរិក (៥០ភាគរយ) ទៅវិនិយោគក្នុងរយៈពេល១០ឆ្នាំ ដោយទទួលបានផលចំណេញផ្គួបប្រចាំឆ្នាំ១៥ភាគរយ នោះ១០ឆ្នាំក្រោយគ្រួសារនោះនឹងមានទ្រព្យសរុបតម្លៃជាង២០ម៉ឺនដុល្លារអាមេរិក។ នេះមិនរាប់បញ្ចូលតម្លៃផ្ទះដែលកំពុងរស់នៅនោះទេ។
ទី២ ប្រសិនបើគ្រួសារទី២ មានទ្រព្យសម្បត្តិ២០ម៉ឺនដុល្លារអាមេរិក ហើយយកទ្រព្យ៥០ភាគរយ ទៅវិនិយោគដូចគ្រួសារទី១ (រយៈពេល១០ឆ្នាំ នឹងទទួលបានកំណើនផ្គួបប្រចាំឆ្នាំ១៥ភាគរយដូចគ្នា) នោះ១០ឆ្នាំក្រោយគ្រួសារនេះ នឹងមានទ្រព្យសម្បត្តិទ្វេរដងនៃគ្រួសារទី១គឺជាង៤០ម៉ឺនដុល្លារ។
ទី៣ ប្រសិនបើគ្រួសារទី៣ មានទ្រព្យសម្បត្តិ៣០ម៉ឺនដុល្លារអាមេរិក ហើយយកទ្រព្យ៥០ភាគរយ ទៅវិនិយោគដូចគ្រួសារទី១ និងគ្រួសារទី២ (រយៈពេល១០ឆ្នាំ នឹងទទួលបានកំណើនផ្គួបប្រចាំឆ្នាំ១៥ភាគរយដូចគ្នា) នោះ១០ឆ្នាំក្រោយគ្រួសារនេះនឹងមានទ្រព្យសម្បត្តិរហូតដល់ជាង៦០ម៉ឺនដុល្លារអាមេរិក។
ផ្ទុយទៅវិញ ប្រសិនបើគ្រួសារទាំង៣ សង្វាតតែរថយន្តទំនើបៗ ផ្ទះធំៗ និងជីវិតស៊ីវីល័យ នោះជីវភាពគ្រួសារនឹងមិនមានការរីកចម្រើន និងបង្កើនទ្រព្យទៅមុខនោះទេ៕