ដោយ Donald Lee
វ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា មន្រ្តីពាណិជ្ជកម្មអាមេរិក និងចិនកំពុងស្ថិតក្នុងដំណាក់កាលចរចាដ៏សំខាន់ ដែលអាចឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនធ្លាប់មាន។
លោក Trump បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃសុក្រម្សិលមិនេះថា “ឥឡូវនេះ យើងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ទាក់ទងនឹងការធ្វើកិច្ចព្រមព្រៀង។ប្រសិនបើយើងធ្វើ នោះវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក”។
-->
តំណាងពាណិជ្ជកម្មមកពីប្រទេសចិន អាមេរិក ដែលមានសេដ្ឋកិច្ចធំជាងគេ និងធំទី២នៅលើពិភពលោក គ្រោងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពាណិជ្ជកម្មមួយទៀតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។
លោក Trump បានបន្តថា “ខ្ញុំចាត់ទុកចិន ជាប្រទេសដែលយើងកំពុងព្យាយាមដោះស្រាយជាមួយ។ យើងមានឱកាសល្អក្នុងការដោះស្រាយជាមួយ”។
ទោះបីជាមានសញ្ញានៃកំណើន GDP សកលធ្លាក់ចុះក៏ដោយ ទិន្នន័យសេដ្ឋកិច្ចចុងក្រោយបានបង្ហាញថា សហរដ្ឋអាមេរិកបានបន្ថែមការងារចំនួន ១៣៦,០០០កន្លែង និងកាត់បន្ថយអត្រាគ្មានការងារធ្វើ ឱ្យមានកម្រិតទាបនៅក្នុងប្រវត្តិសាស្រ្ត។
លោក Trump បានលើកឡើងភ្លាមៗនៅក្នុងបណ្តាញសង្គម ពីការកើនឡើងនៃការងារសម្រាប់ពលរដ្ឋអាមេរិក និងការប៉ុនប៉ងរបស់គណបក្សប្រឆាំងអាមេរិក ដើម្បីទំលាក់គាត់ចេញពីតំណែង។
លោក Trump បានសរសេរថា “ព័ត៌មានទាន់ហេតុការណ៍ អត្រាគ្មានការងារធ្វើមានចំនួន ៣,៥% ធ្លាក់ចុះដល់៥០ឆ្នាំយ៉ាងទាប” ។ អីយ៉ាស់! អាមេរិច ! តោះចោទប្រកាន់ប្រធានាធិបតីរបស់អ្នក (ទោះបីជាគាត់មិនបានធ្វើអ្វីខុសក៏ដោយ)៕