ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងតែធ្វើការសិក្សាលម្អិតទៅលើគម្រោងនៃការកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ រួមជាមួយប្រព័ន្ធរំដោះទឹកនៅតាមបណ្តាខេត្ត ក្រុងនានា នៅទូទាំងប្រទេសកម្ពុជា ដើម្បីបញ្ចៀសបញ្ហាខូចខាតដែលបណ្តាលមកពីជំនន់ទឹកទន្លេ និងទឹកកកភ្លៀង ដោយយកបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុធ្វើជាគំរូ។
ក្រៅពីខេត្តព្រះសីហនុដែលកំពុងតែមានសភាពសកម្មទៅលើការកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ កសាងបណ្តាញរំដោះទឹកនៅទូទាំងខេត្ត ដែលគ្រោងចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់រហូតដល់ប្រមាណ៥០០លានដុល្លារ ក្រោមការផ្តល់សម្បទានពីរដ្ឋាភិបាលចំនួន១០០លានដុល្លារនោះ នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ក៏កំពុងតែដំណើរការសាងសង់ក្រោមជំនួយមួយចំណែកធំពីរាជរដ្ឋាភិបាលជប៉ុនផងដែរ។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅនេះថា រដ្ឋាភិបាលបាន និងកំពុងតែសិក្សាលម្អិតទៅលើគម្រោងសាងសង់ប្រព័ន្ធរំដោះទឹក និងស្ថានីយប្រព្រឹត្តិកម្មខ្វក់ និងខ្ទង់ចំណាយ ដោយយកបញ្ហាដែលធ្លាប់កើតមាននៅក្នុងខេត្តព្រះសីហនុធ្វើជាគំរូ។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “ បញ្ហាដែលកើតមាននៅក្នុងខេត្តព្រះសីហនុ វាគឺជាមេរៀន ដែលយើងយកធ្វើជាគំរូ។ បច្ចុប្បន្ននេះ បច្ចុប្បន្ននេះ រដ្ឋាភិបាល បានឱ្យខាងមន្ត្រី រួមជាមួយនឹងក្រុមហ៊ុនជំនាញធ្វើការសិក្សាលម្អិតពីវិធីសាស្ត្រក្នុងការសាងសង់ រួមជាមួយនឹងការចំណាយផងដែរ”។
លោកបានមានប្រសាសន៍ទៀតថា “ឥឡូវនេះ ក្រសួងបាន និងកំពុងបន្តការសាងសង់ និងថែទាំផ្លូវថ្នល់ឱ្យមានលក្ខណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរជាងមុននៅទូទាំងរាជធានី ខេត្ត ដែលក្រៅពីស្ថាបនាផ្លូវថ្មី ពង្រីក និងជួសជុលផ្លូវចាស់ដែលមានស្រាប់ លុបបំបាត់ផ្លូវខូច និងជង្ហុកសំបុកមាន់តាមដងផ្លូវនានាក្នុងរាជធានី-ខេត្ត ព្រមទាំងបង្កើនសុវត្ថិភាពចរាចរណ៍ជូនអ្នកប្រើប្រាស់ផ្លូវថ្នល់ និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា”។ លោកបានបញ្ជាក់ថា តាមរយៈគម្រោង និងផែនការមេរបស់រដ្ឋាភិបាល អាចជួយបញ្ចៀសបញ្ហាដែលធ្លាប់កើតមានកន្លងទៅបានមួយចំណែកធំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ចំណាយទៅលើការស្តារ និងកសាងប្រព័ន្ធរំដោះទឹក ក៏ដូចជាជួសជុលផ្លូវថ្នល់ទាំង២២ខ្សែនៅក្នុងខេត្តព្រះសីហនុ ដោយណែនាំឱ្យអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ខាភិបាលកម្ពុជាធ្លាប់បានឱ្យដឹងថា ការចំណាយថវិការបស់រដ្ឋាភិបាលទៅលើខេត្តព្រះស៊ីហនុនេះ គឺដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនៅខេត្តព្រះសីហនុ និងយន្តការនៃការអនុវត្តការងារឱ្យបានច្បាស់លាស់ ចំពោះការជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ដើម្បី ធានាបាននូវប្រសិទ្ធភាពការងារសំណង់ប្រកបដោយគុណភាព ទាន់ពេលវេលាក៏ដូចជាតម្លៃនៃថវិកា៕






