ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ពិធីនេះនឹងធ្វើឡើងនៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាសរុបប្រមាណ ៦០០នាក់។
-->
ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ។ ក្រោយពេលបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានពង្រឹងខ្លួនជាលំដាប់ ជាមួយនឹងសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធានាគារប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។
ទន្ទឹមនេះវិស័យធនាគារបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ ក៏ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ ពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃការទូទាត់។
ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា និងជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ៕
