ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-->
សេចក្ដីព្រាង«យុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» នេះ ត្រូវបានរៀបចំឡើងអនុលោមតាមបរិការណ៍ជាក់ស្ដែងរបស់កម្ពុជា និងឧនុមានុវត្តជាអន្តរជាតិ ដោយចែកចេញជា២ ។
ទី១ ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ។ ទី២ វិភាគលើហានិភ័យ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការគ្រប់គ្រងបំណុលសាធារណៈកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីឆ្លើយតបទៅនឹងបរិការថ្មីនៃសេដ្ឋកិច្ចដែលកាន់តែមានភាពលូតលាស់ និងមានភាពស្មុគស្មាញជាមុន។
សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចិរភាព និងបរិយាប័ណ្ណ ឆ្ពោះទៅសម្រាប់បង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០។
ជាមួយគ្នានេះ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនានា សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ នេះ ត្រូវបានដាក់ឆ្លងកិច្ចពិភាក្សាកម្រិតបច្ចេកទេសផ្ទៃក្នុង ក.ស.ហ.វ ជាច្រើនលើកច្រើនសារ ដែលកិច្ចប្រជុំពិគ្រោះយោបល់ចុងក្រោយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត អនុប្រធានប្រចាំការនៃគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈមុននឹងយកមកដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងបំណុលសាធារណៈ៕