រដ្ឋាភិបាល​ស្នើ​ជប៉ុន​ឱ្យ​មានការ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា​បន្ថែម​ទៀត​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពីជ​ប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ គកិត​ត្រឹម​រយៈពេល៧ខែ​នៃ​ឆ្នាំ២០១៩​ កំណើន​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​កម្សាន្ត​នៅ​កម្ពុជា​ មាន​កំណើន​រហូតដល់ ១៤ម៉ឺន​នាក់​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨កន្លងទៅ​ មាន​ចំនួន​រហូតដល់ ២០ម៉ឺន​នាក់​។

ថ្លែង​នៅក្នុង​ពិធី​ទទួល​ជួប​សំណេះសំណាល​ និង​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គ​រាជទូត​ប្រចាំ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ស្នើ​ដល់​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ជួយ​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត​ ដោយ​ភ្ជាប់​ទីក្រុង​សំ​ខាន់​ៗរវាង​ ជប៉ុន​ និង​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា​ កាលពី​ពេល​កន្លងមក​នេះ​ ភាគី​ទាំងពីរ​មាន​ជើងហោះហើរ​ត្រង់​ពី​អាកាសយាន​ដ្ឋាន​ឡា​រី​តា​ នៃ​ទីក្រុង​តូក្យូ​ មកកាន់​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​តភ្ជាប់​ពីទី​ក្រុង​តូក្យូ​មកកាន់​ខេត្តសៀមរាប​ ក៏ដូចជា​ ពីទី​ក្រុង​សំ​ខាន់​ៗរបស់​ជប៉ុន​មកកាន់​កម្ពុជា​នៅឡើយ​នោះ​ទេ​។

ជាមួយគ្នា​នេះ​ លោក​ថោង​ ខុន​ ក៏បាន​ស្នើសុំ​ឱ្យ​ឯកអគ្គ​រាជទូត​ជប៉ុន​ជួយ​សម្រួល​ ​ឱ្យ​មាន​ស្លុត​ចុះ​យន្តហោះ​នៅ​ទីក្រុង​អូ​សា​កា​ ដែល​ក្រុមហ៊ុន​អាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ​ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កំពុងតែ​មានការ​សិក្សា​គម្រោង​ហោះហើរ​ទៅកាន់​ទីក្រុង​មួយ​នេះ​។

ក្រៅពី​នេះ​ សុំ​ឱ្យ​ភាគី​ជប៉ុន​ជួយ​សិក្សា​រៀបចំ​ខេត្តសៀមរាប​ ជាពិសេស​ក្រុង​សៀមរាប​ និង​ក្រុង​បាត់ដំបង​ ជាទី​ក្រុង​ឆ្លាតវៃ​ (Smart​ City​) ព្រោះ​ភាគី​ជប៉ុន​មាន​បច្ចេកវិទ្យា​ខ្ពស់​ ក៏ដូចជា​បទពិសោធន៍​ក្នុង​ការរៀបចំ​កិច្ចការ​ទាំងអស់​នេះ​។ ព្រម​ជាមួយនឹង​ការជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ច្រើន​។

លោក​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​បាន​ប្ដេជ្ញា​ថា​ ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​បណ្តា​អ្នក​វិនិយោគ​ ក៏ដូចជា​ក្រុមហ៊ុន​អាជីវកម្ម​ផ្នែក​ទេសចរ​ឱ្យមក​វិនិយោគ​ និង​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

លោក​បាន​លើកឡើង​ថា​ “កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​អាច​រក្សា​បាន​នូវ​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧ភាគរយ​ប្រចាំឆ្នាំ​”។ លោក​បញ្ជាក់​ថា​ “ក្នុងនាម​ជា​ប្រទេស​ជិតស្និទ្ធ​ ជប៉ុន​នឹង​ព្យាយាម​ជំរុញ​ និង​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here