ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យមានការហោះហើរត្រង់ពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជំរុញនិងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យមានការហោះហើរត្រង់ពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជំរុញនិងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា គកិតត្រឹមរយៈពេល៧ខែនៃឆ្នាំ២០១៩ កំណើនភ្ញៀវទេសចរជប៉ុនមកកម្សាន្តនៅកម្ពុជា មានកំណើនរហូតដល់ ១៤ម៉ឺននាក់ ខណៈដែលកាលពីឆ្នាំ២០១៨កន្លងទៅ មានចំនួនរហូតដល់ ២០ម៉ឺននាក់។
ថ្លែងនៅក្នុងពិធីទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួយជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀត ដោយភ្ជាប់ទីក្រុងសំខាន់ៗរវាង ជប៉ុន និងកម្ពុជា។
លោកបានបញ្ជាក់ថា កាលពីពេលកន្លងមកនេះ ភាគីទាំងពីរមានជើងហោះហើរត្រង់ពីអាកាសយានដ្ឋានឡារីតា នៃទីក្រុងតូក្យូ មកកាន់រាជធានីភ្នំពេញ ប៉ុន្តែនៅមិនទាន់មានការតភ្ជាប់ពីទីក្រុងតូក្យូមកកាន់ខេត្តសៀមរាប ក៏ដូចជា ពីទីក្រុងសំខាន់ៗរបស់ជប៉ុនមកកាន់កម្ពុជានៅឡើយនោះទេ។
ជាមួយគ្នានេះ លោកថោង ខុន ក៏បានស្នើសុំឱ្យឯកអគ្គរាជទូតជប៉ុនជួយសម្រួល ឱ្យមានស្លុតចុះយន្តហោះនៅទីក្រុងអូសាកា ដែលក្រុមហ៊ុនអាសចរណ៍កម្ពុជាអង្គរអ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិ កំពុងតែមានការសិក្សាគម្រោងហោះហើរទៅកាន់ទីក្រុងមួយនេះ។
ក្រៅពីនេះ សុំឱ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ។ ព្រមជាមួយនឹងការជំរុញឲ្យមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន។
លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានប្ដេជ្ញាថា ក្នុងការជួយផ្សព្វផ្សាយ និងជំរុញបណ្តាអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនអាជីវកម្មផ្នែកទេសចរឱ្យមកវិនិយោគ និងទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
លោកបានលើកឡើងថា “កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសអាចរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយប្រចាំឆ្នាំ”។ លោកបញ្ជាក់ថា “ក្នុងនាមជាប្រទេសជិតស្និទ្ធ ជប៉ុននឹងព្យាយាមជំរុញ និងធ្វើយ៉ាងណាដើម្បីឱ្យប្រទេសកម្ពុជា មានភាពរីកចម្រើនបន្ថែមទៀត”៕