ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន៨៣១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២២,៥ ពាន់លានដុល្លារអាមេរិក ក្នុងចន្លោះឆ្នាំ២០១៦ ២០១៩នេះ។

ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន៨៣១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២២,៥ ពាន់លានដុល្លារអាមេរិក ក្នុងចន្លោះឆ្នាំ២០១៦ ២០១៩នេះ។

អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធីបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សក្តានុពលវិនិយោគនៅកម្ពុជានាថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពវិនិយោគមានការកើនឡើងជាលំដាប់រៀងគ្នាទាំងចំនួនគម្រោង ទាំងទុនវិនិយោគ។
ជាក់ស្តែង CDC បានសម្រេចឯកភាព លើគម្រោងវិនិយោគចំនួន ១៧១គម្រោងដែលមានទុនវិនិយោគប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ។ ១៨៣ គម្រោងដែលមានទុនវិនិយោគ ៦,៣ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ និង២៥៥ គម្រោងដែលមានទុនវិនិយោគ៦,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៨។
លោកជា វុទ្ឋីបានបន្ថែមថា នៅក្នុងរយៈពេលដូចគ្នានេះដែរ សកម្មភាពវិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ដោយក្នុងឆ្នាំ២០១៦ គម្រោងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៤២ គម្រោង ដែលមានទុនវិនិយោគប្រមាណ២៨៣លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ ២០១៧ មាន៤៧គម្រោង ដែលមានទុនវិនិយោគ ៤៤៤លានដុល្លារអាមេរិក និងនៅឆ្នាំ២០១៨ មាន ៧៩គម្រោងដែលមានទុនវិយោគ៥៥២លានដុល្លារអាមេរិក។
របាយការណ៍របស់ CDC បានបន្តថា ដោយឡែកក្នុងរយៈពេល៨ខែដើមឆ្នាំ ២០១៩ នេះ គម្រោងវិនិយោគមានចំណួន ២២២ គម្រោងដែលមានទុនវិនិយោគប្រមាណជាង៦ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន៨១គម្រោង និងទុនវិនិយោគប្រមាណ ១,៨៨ពាន់លានដុល្លារអាមេរិក បៀធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៨។
ចំណែកតំបន់សេដ្ឋកិច្ចពិសេសនានា បានទាក់ទាញគម្រោងវិនិយោគមានចំនួន៧១គម្រោង ដែលមានទុនវិយោគប្រមាណ៥៧៨លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងចំនួន២៦គម្រោង និងទុនវិនិយោគ១៩លានដុល្លារអាមេរិក។ គិតត្រឹមខែសីហា ឆ្នាំ ២០១៩ នេះ តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងមានប្រតិបត្តិការមានចំនួន២៣តំបន់ ក្នុងនោះមានគម្រោងវិនិយោគចំនះនួន ៤៨២គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិក ហើយទំហំនៃការនាំចេញដែលមានប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ១៥ភាគរយ នៃទំហំនៃការនាំចេញសរុបរបស់កម្ពុជានៅក្នុងឆ្នាំ ២០១៨។

ទន្ទឹមនឹងកំណើននៃសកម្មភាពវិនិយោគជារួម ដែលមានមានកកើនឡើងជាបន្តបន្ទាប់នោះ គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ សកម្មភាពវិនិយោគតាមវិស័យដែលលេខធ្លោជាងគេវិស័យទេសចរណ៍ ដែលមានប្រមាណ៤៧ % វិស័យហេដ្ឋារចនាសម្ព័ន្ធ ២៤% វិស័យឧស្សាហកម្ម និងកម្មន្តសាល ២៣% និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៦ % នៃទំហំវិនិយោគសរុប។
ជាមួយគ្នានេះ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០១៩ចំនួន គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនឡើងខ្លាំង ខណៈទុនវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុក ប្រមាណជាង៩៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕