ចំណេះដឹង​! តើ​អ្វី​ជា​យុទ្ធសាស្ត្រ​នៃ​ការរៀបចំ​ដែនដី​របស់​រដ្ឋាភិបាល​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាម​ឯកសារ​គោលនយោបាយ​ របស់ក្រ​សួង​រៀបចំ​ដែនដី​ គរូប​នី​យក​ម្ម​ និង​សំណង់​បាន​បង្ហាញថា​ ដើម្បី​ឱ្យ​ផែនការ​រៀបចំ​ដែនដី​អនុវត្ត​ឱ្យ​បាន​ដោយ​រលូន​ និង​អាច​កាត់បន្ថយ​នូវ​រាល់​ហានិភ័យ​ ដែល​បណ្តាល​មក​ពី​គម្រោង​ផែនការ​អភិ​វឌ្ឍ​ផ្សេង​ៗ ការ​ធ្វើ​ផែនការ​រៀបចំ​ដែនដី​ និង​ផែនការ​ប្រើប្រាស់​ដី​ ព្រមទាំង​ការ​អភិវឌ្ឍ​លំនៅឋាន​ត្រូវ​ផ្សារភ្ជាប់​នឹង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ ជាពិសេស​តំបន់ឧស្សាហកម្ម​ ដើម្បី​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ នៃ​របាយ​ប្រជាជន​ទូទាំង​ប្រទេស​ និង​សមធម៌​នៃ​ការ​ទទួល​បានផល​ពី​ការអនុវត្ត​សេដ្ឋកិច្ច​។

ជាមួយគ្នា​នេះ​ ក៏​ត្រូវ​គិតគូរ​ដល់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មួយ​ ប្រកបដោយ​តុល្យភាព​ ដែល​អាច​ធានា​ដល់​ការ​អភិវឌ្ឍ​រយៈពេល​វែ​អក្នុង​បរិបទ​ នៃ​សកល​ភា​វូ​នី​យក​ម្ម​ និង​ផ្តល់​កាលានុវត្ត​ភាព​ដល់​ការ​បណ្តុះបណ្តាល​ និង​ការងារ​ ឬការស្វែងរក​ការងារ​ដែល​នៅ​ឆ្ងាយ​ពី​លំនៅឋាន​។

ដូច្នេះ​ ការ​កសាង​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវ​គិត​គូ​ ដល់​ពាក្យស្លោក​ “បញ្ជូន​ការងារ​ទៅដល់​ប្រជាជន​” និង​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍ​លំនៅឋាន​ ដើម្បី​អាច​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ ឬបង្កើត​ការងារ​ធ្វើ​នៅនឹង​មូលដ្ឋាន​ ដែល​រួមចំណែក​កាត់បន្ថយ​គម្លាត​ នៃ​បរិយាកាស​រស់នៅ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។

វិធានការ​សំខាន់​ផ្នែក​សេដ្ឋកិច្ច​ គឺ​ការប្រើ​ប្រាស់​ឱ្យ​បាន​សមស្រប​នូវ​សក្តា​នុ​ពល​នៃ​ប្រភេទ​ធនធាន​ធម្មជាតិ​ ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ រ៉ែ​ ឧស្សាហកម្ម​ ថាមពល​ ពាណិជ្ជកម្ម​ ធុរកិច្ច​ សេដ្ឋកិច្ច​ជាតិ​ និង​ទេសចរណ៍​ស្រប​ទៅ​នឹង​ទីតាំង​នី​មួយ​ៗ។

លក្ខខណ្ឌ​សមស្រប​ និង​ការ​ធ្វើអាជីវកម្ម​លើ​ធនធាន​ប្រេង​ ឧស្ម័ន​ធម្មជាតិ​ និង​ធនធាន​រ៉ែ​ផ្សេងទៀត​ ត្រូវ​ធានា​ឱ្យ​មានផល​ប៉ះពាល់​បរិស្ថាន​តិច​បំផុត​ និង​គ្រប់គ្រង​ឱ្យ​មាន​និរន្តរភាព​។

ប្រឈម​នឹង​សភាពការណ៍​ប្រែប្រួល​អាកាសធាតុ​ នា​ពេល​បច្ចុប្បន្ន​ ការរៀបចំ​ដែនដី​និង​ការគ្រប់គ្រង​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ ជា​បញ្ហា​សំខាន់​ចំពោះមុខ​ ក្នុង​ការអនុវត្ត​ផែនការ​ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សិក្សា​ និង​មាន​យោបល់​ស្របគ្នា​លើ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​ និង​ការ​តម្រង់​ទិស​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here