ដោយ វុត្ថា
ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុបាននឹងកំពុងចាប់ផ្តើមស្ទះបណ្តើរៗ ដោយសារកំណើននៃការដឹកជញ្ជូនទំនិញ និងខ្វះទីតាំងផ្ទុកកុងតឺន័រ។
យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានផ្សព្វផ្សាយកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ បានឱ្យដឹងថា រយៈពេល៩ ខែនៃឆ្នាំ២០១៩ នេះ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងប្រមាណ ១៨ភាគរយ ធៀបទៅនឹងរយៈពេល៩ ខែនៅក្នុងឆ្នាំ២០១៨ ជាពិសេសមានការកើនខ្លាំងរយ:ពេល ៣ខែចុងក្រោយនេះ ។
-->
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពន្យល់ថា បញ្ហាឈមខ្លាំងដោយសារកំពង់ស្វយ័តក្រុងព្រះសីហនុនេះ អាចផ្ទុកបាន ១៣.០០០ស៊ីអីយូ និងដោយសារតែតម្លៃជួលដីខាងក្រៅថ្លៃ និងស្ទះចរាចរណ៍ផ្លូវជាតិលេខ ៤ផង កុងតឺន័រមួយចំនួនអត់យកចេញ វាឡើងរហូត ២៧.០០០ពេញផែតែម្តង។ លោកថា “យើងមានមោទនភាពទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់” ។
លោកបន្តថា កំពង់ផែមានសេវាកម្មនាំនាវាចេញ ចូល សេវាស្តុកទំនិញ សេវាតំបន់សេដ្ឋកិច្ចពិសេស និងសេវាកម្មមូលដ្ឋានផ្គត់ផ្គង់ ។ បរិមាណទំនិញឆ្លងកាត់ ២០១៨ កើន ២២ភាគរយ ការនាំចូលច្រើនជាងការនាំចេញ ក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ក្នុងឆ្នាំ២០១៨ ធៀបនឹង២០១៧ កើន ១៧.៧ភាគរយ ។
លោកបន្ថែមថា សកម្មភាពការងាររបស់កំពង់ផែ សាងសង់នៅឆ្នាំ១៩៥៣ ប្រទេសជាតិទទួលបានឯករាជ្យ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦០ មកដល់បច្ចុប្បន្ន កំពង់ផែទទួលបានដៃគូរពីជប៉ុន អភិវឌ្ឍផែក្នុងជំហានទី ៣,៤,៥,៦ និង៧ ចំពោះជំរៅទឹកមិនជាបញ្ហាទៀតទេ ។
ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម បែបវិទ្យាសាស្រ្តទំនើប សម្រាប់ការនាំចេញ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ កំពុងដំណើរការ និង ៤ផ្សេងទៀតកំពុងត្រៀមដាក់ឲ្យដំណើរការនាពេលខាងមុខ ។
វិស័យអតិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមានដូចជា វិស័យឧស្សាហកម្ម ទេសចរណ៍ កំពង់ផែសមុទ្រ ព្រលានយន្តហោះ សំណង់ និងវិស័យផ្សេងៗទៀត ។
វិស័យទេសចរណ៍មានអំណោយផលពីធម្មជាតិមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកក្នុងមហាសន្និបាតលើកទី៧ នៅទីក្រុង Toubacouta នៅប្រទេស Senegal ត្រូវបានប្រសិទ្ធនាមថា “តារារះនាទិសនារតី” ។

ជាមួយធម្មជាតិដ៏សម្បូរបែប មានព្រៃធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ ផ្កាថ្ម ជីវចំរុះ ទេសភាពដ៏ស្រស់ត្រកាលនៅតាមកោះតូចធំទាំង៣២ ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តសប្បាយនៅតាមរមណីយដ្ឋានឆ្នេរសមុទ្រ និងនៅតាមកោះនានា នៃខេត្តព្រះសីហនុកាន់តែច្រើន៕