ដោយ Donald Lee
ភ្នំពេញៈ តម្លៃប្រេងនៅជុំវិញពិភពលោកបានកើនឡើង បន្ទាប់ពីមានព័ត៌មានថា នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅសមុទ្រក្រហមត្រូវបានវាយប្រហារ ដោយមីស៊ីលពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍អ៊ីរ៉ង់។
នាវាដឹកប្រេងរបស់ក្រុមហ៊ុនប្រេងអ៊ីរ៉ង់ បានជួបប្រទះនឹងការផ្ទុះ ដែលបានធ្វើឱ្យកប៉ាល់ដឹកប្រេងនោះឆាបឆេះចម្ងាយ ១០០គីឡូម៉ែត្រ នៅឆ្នេរសមុទ្រ Jeddah ប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃសុក្រ។ សារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា នាវានេះបានលេចធ្លាយប្រេងច្រើនទៅក្នុងសមុទ្រ។
-->
ក្រុមហ៊ុនដឹកប្រេងជាតិអ៊ីរ៉ង់ (NITC) បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញថា ការផ្ទុះនេះកើតឡើងភាគច្រើនមកពីការវាយប្រហារដោយមីស៊ីល។
ប្រេងឆៅប្រភេទ Brent នាពេលអនាគត បានកើនឡើងជាងពីរភាគរយ ដល់ ៦០,២៦ដុល្លារក្នុងមួយបារ៉ែល។

នេះជាឧប្បត្តិហេតុទី២ ទាក់ទងនឹងផលិតកម្មប្រេងនៅមជ្ឈឹមបូព៌ា ចាប់តាំងពីខែ កញ្ញា។ នៅថ្ងៃទី ១៤ ខែ កញ្ញា រោងចក្រកែច្នៃធំជាងគេ នៅលើពិភពលោកនៅអារ៉ាប់ប៊ីសាអូឌីត រងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានបំផ្លាញប្រេងជិត ៦លានបារ៉ែលពីទីផ្សារពោល គឺជិតពាក់កណ្តាលនៃផលិតកម្មអារ៉ាប់ប៊ីសាអូឌីត៕