កូរ៉េ​នឹង​ជួយ​អភិវឌ្ឍន៍​ក្រុង​សៀមរាប​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កូរ៉េ​ (EDCF​) ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ជំនួយស្មារតី​លើ​សំណើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បៃតង​ក្នុង​ខេត្តសៀមរាប​ (AIDE​ MÉMOIRE​ ON​ THE​ EDCF​ PCP​ MISSION​ ON​ GREEN​ SIEM​ REAP​ URBAN​ DEVELOPMENT​ PROJECT​)។

លោកស្រី​ ហ៊ី​ យ៉ុង​លី​ (Ms​. Hye​ Kyung​ Lee​) នាយក​ស្ថាប័ន​ហិរញ្ញប្បទាន​ពី​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កូរ៉េ​ (EDCF​) ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ការ​ចុះ​កំណត់ហេតុ​ជំនួយស្មារតី​នេះ​ ក្នុង​គោលបំណង​រៀបចំ​បង្កើត​ឯកសារ​អនុ​គម្រោង​ចំនួន០២​ ក្នុង​ក្របខ័ណ្ឌ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បៃតង​ក្នុង​ខេត្តសៀមរាប​ លោកស្រី​បន្ត​ថា​ គម្រោ​ងទំាង​ ២នោះ​រួមមាន​គឺ​គម្រោង​សាងសង់​ផ្លូវវាង​ក្រុង​សៀមរាប​ និង​គម្រោង​សាងសង់​ និង​ពង្រីក​បណ្តាញ​លូ​ខ្នែង​ លូ​ខ្នែង​រង​ជំហាន​ទី២​ ក្រោយពី​ការ​ចុះ​បេសកកម្ម​រួមគ្នា​លើ​ការពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ និង​កត្តា​ប្រឈម​ក្នុង​ក្រុង​សៀមរាប​ចំនួន០៥ថ្ងៃ​ កាលពី​ថ្ងៃទី៦​-១០​ ខែ​ តុលា​ ឆ្នាំ២០១៩​ ។

ខេត្តសៀមរាប​ គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​ទេសចរណ៍​ រួម​ទាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​ តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដែល​មាន​ប្រាសាទបុរាណ​រាប់​រយ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​ ៤០១​ គីឡូម៉ែត្រ​ការ៉េ​ ជាពិសេស​ប្រាសាទអង្គរវត្ត​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ លើស​ពីនេះ​ទៀត​ ខេត្ត​ សៀមរាប​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ ដែល​បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​មួយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ខេត្តសៀមរាប​ បាន​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍​អន្តរជាតិ​ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ចំនួន​ពាក់កណ្តាល​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ប្រទេស​កម្ពុជា​ ខណៈ​ដែល​កាល​នៅក្នុង​ខែមិថុនា​ ឆ្នាំ​ ២០១៦​ ក្រសួង​ទេសចរណ៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​ «ប្រទេស​កម្ពុជា​ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅ​លើ​ពិភពលោក​» ផ្តល់​ជូន​ដោយក្រុម​ប្រឹក្សា​ទេសចរណ៍​ និង​ពាណិជ្ជ​កម្ម​អ៊ឺ​រ៉ុប​ ដោយ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ «ប្រទេស​កម្ពុជា​ គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ពេញនិយម​បំផុត​ក្នុង​ឆ្នាំ២០១៦​» ហើយក៏​ជា​មោទនភាព​ផង​ដែរ​សម្រាប់​ខេត្តសៀមរាប​ ដែល​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាគោល​ដៅ​ទេសចរណ៍​ដ៏​អស្ចារ្យ​នៅ​ អាស៊ី​សម្រាប់​ឆ្នាំ២០១៦​ និង​ក្នុង​ឆ្នាំ២០១៧​ ឆ្នាំ២០១៨​ ប្រាសាទអង្គរវត្ត​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ទីតាំង​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ដោយ​គេហទំព័រ​ទេសចរណ៍​ Trip​ Advisor​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here