ដោយ វុត្ថា
ភ្នំពេញ៖ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុជំនួយស្មារតីលើសំណើគម្រោងអភិវឌ្ឍន៍ទីក្រុងបៃតងក្នុងខេត្តសៀមរាប (AIDE MÉMOIRE ON THE EDCF PCP MISSION ON GREEN SIEM REAP URBAN DEVELOPMENT PROJECT)។

-->
លោកស្រី ហ៊ី យ៉ុងលី (Ms. Hye Kyung Lee) នាយកស្ថាប័នហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ប្រចាំប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថាការចុះកំណត់ហេតុជំនួយស្មារតីនេះ ក្នុងគោលបំណងរៀបចំបង្កើតឯកសារអនុគម្រោងចំនួន០២ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ទីក្រុងបៃតងក្នុងខេត្តសៀមរាប លោកស្រីបន្តថា គម្រោងទំាង ២នោះរួមមានគឺគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប និងគម្រោងសាងសង់ និងពង្រីកបណ្តាញលូខ្នែង លូខ្នែងរងជំហានទី២ ក្រោយពីការចុះបេសកកម្មរួមគ្នាលើការពិនិត្យស្ថានភាពជាក់ស្តែង និងកត្តាប្រឈមក្នុងក្រុងសៀមរាបចំនួន០៥ថ្ងៃ កាលពីថ្ងៃទី៦-១០ ខែ តុលា ឆ្នាំ២០១៩ ។
ខេត្តសៀមរាប គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើសក្តានុពលទេសចរណ៍ រួមទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រធម្មជាតិដែលមានប្រាសាទបុរាណរាប់រយគ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉េ ជាពិសេសប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោក លើសពីនេះទៀត ខេត្ត សៀមរាប ត្រូវបានគេស្គាល់ថាជាតំបន់បេតិកភណ្ឌពិភពលោក ដែលបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយ។

មិនត្រឹមតែប៉ុណ្ណោះ ខេត្តសៀមរាប បានក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ ដែលទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនពាក់កណ្តាល នៃចំនួនភ្ញៀវទេសចរសរុបប្រទេសកម្ពុជា ខណៈដែលកាលនៅក្នុងខែមិថុនា ឆ្នាំ ២០១៦ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ «ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅលើពិភពលោក» ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអ៊ឺរ៉ុប ដោយបានប្រកាសជាផ្លូវការថា «ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមបំផុតក្នុងឆ្នាំ២០១៦» ហើយក៏ជាមោទនភាពផងដែរសម្រាប់ខេត្តសៀមរាប ដែលប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏អស្ចារ្យនៅ អាស៊ីសម្រាប់ឆ្នាំ២០១៦ និងក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ ប្រាសាទអង្គរវត្តត្រូវបានបោះឆ្នោតជ្រើសរើសទីតាំងទេសចរណ៍ល្អបំផុតលើពិភពលោកដោយគេហទំព័រទេសចរណ៍ Trip Advisor ៕