ដោយ វុត្ថា
ភ្នំពេញៈ ក្រុមស្រាវជ្រាវអាជីវកម្ម ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានព្យាករណ៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានមើលថា នឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២០ខាងមុខនេះ ដោយសារការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មត្រូវបានបញ្ចប់។
លោក Erik Lundh សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមប្រឹក្សា The Conference Board បានឱ្យដឹងកាលពីពេលថ្មីៗនេះថា យុទ្ធនាការរបស់ប្រទេសចិន ក្នុងការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម នឹងរួមចំណែកយ៉ាងច្រើនដល់ការកែលម្អសេដ្ឋកិច្ចរបស់ប្រទេស។
-->
លោកបានបន្ថែមទៀតថា កំណើនផលិតភាព កាន់តែច្រើននៅក្នុងប្រទេសចិន ត្រូវបានគេមើលឃើញ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដែលនឹងកាត់បន្ថយផលប៉ះពាល់នៃការថយចុះផលិតផលក្នុងស្រុកសរុបជាបន្តបន្ទាប់។
បើយោងតាមរបាយការណ៍សន្ទស្សន៍ សេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា ពិភពលោក ទំនងជានឹងមានកំណើនសេដ្ឋកិច្ច
២,៥ភាគរយ ក្នុងឆ្នាំ២០២០ និងជាមធ្យម ២,៧ ភាគរយសម្រាប់មួយទសវត្សរ៍ បន្ទាប់ធ្លាក់ចុះពី ៣,៣ភាគរយកាលពីឆ្នាំ២០១០ដល់ឆ្នាំ ២០១៩ នេះ។
លោក Erik Lundh បញ្ជាក់ថា “ទោះបីមានការភ័យខ្លាច នៃវិបត្តិសេដ្ឋកិច្ចកំពុងរីករាលដាលក៏ដោយ យើងរំពឹងថានឹងមានការងើបឡើងវិញនៅឆ្នាំ២០២០ ដោយសារបញ្ហាភាពជាច្រើន ត្រូវបានប្រទេសចិនកំពុងដោះស្រាយ”។ លោកបន្ថែមថា “ខ្សែចង្វាក់ផ្គត់ផ្គង់កំពុងត្រូវបានរៀបចំឡើងវិញ ហានិភ័យនៃការកើនឡើង នូវជម្លោះពាណិជ្ជកម្មបានថយចុះ ហើយកំណើនផលិតភាពនៅតែបន្តងើបឡើងវិញ”។
របាយការណ៍ដដែលបន្ថែមថា មធ្យមភាគសម្រាប់ចន្លោះឆ្នាំ២០២០ ២០២៩ សម្រាប់សេដ្ឋកិច្ចត្រូវបានគេប៉ាន់ស្មានថា មានកំនើន ១,៩ភាគរយ ខណៈដែលការព្យាករណ៍និន្នាការ សម្រាប់ទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍រួមគ្នា គឺស្មើនឹងកំនើន៣,៥ភាគរយ។

ក្រុមស្រាវជ្រាវបាននិយាយថា កត្តាសំខាន់ៗដែលកំណត់សក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែង នៃសេដ្ឋកិច្ចពិភពលោក រួមមាននិន្នាការនៃការផ្គត់ផ្គង់កម្លាំងពលកម្ម និងការធ្វើចំណាកស្រុក ការទទួលយកបច្ចេកវិទ្យាឌីជីថល ការចែកចាយប្រាក់ចំណូល និងសម្ពាធជាច្រើនទៅលើបរិស្ថាន និងកំណើនផលិតភាព៕