ដោយ ៖ ប៊ី
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅប្រទេសកម្ពុជាកាលពីថ្ងៃចន្ទ បានដាក់ចេញនូវការបោះពុម្ពផ្សាយសៀវភៅមួយដែលមានចំណងជើងថា “ការវិវត្តអាស៊ាន ចក្ខុវិស័យ និងភាពជាក់ស្តែង” ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB។
ការចេញផ្សាយសៀវភៅនេះត្រូវបានចូលរួមដោយមន្ត្រីរដ្ឋាភិបាល និងអ្នកដើរតួនាទីសំខាន់មកពីវិស័យឯកជនដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះចក្ខុវិស័យនៃសមាហរណកម្មសេដ្ឋកិច្ច។
ក្រុមវាគ្មិនដែលបានពិភាក្សាលើប្រធានបទនៅក្នុងព្រឹត្តិការណ៍នេះបានពិចារណាអំពីផលប៉ះពាល់នៃការវិវត្តក្នុងតំបន់ និងពិភពលោក រួមទាំងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងវឌ្ឍនភាពនៅក្នុងក្រុមតំបន់ផ្សេងទៀតដែលរួមមានភាពជាដៃគូសេដ្ឋកិច្ចជ្រុងជ្រោយក្នុងតំបន់លើសហគមន៍ក្នុងតំបន់ និងតម្រូវការរបស់វិស័យឯកជន។
លោកស្រី Sunniya Durrani-Jamal ប្រធាន ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ទោះបីមានការទទួលស្គាល់នូវកង្វះខាតក្នុងការអនុវត្តនៅក្នុងតំបន់មួយចំនួនក៏ដោយ អាស៊ានបានចាប់ផ្តើមបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាផ្លូវការនៅក្នុងខែធ្នូឆ្នាំ ២០១៥”។
លោកស្រី មានប្រសាសន៍ថា “ជាមួយសុន្ទរកថាឥឡូវនេះបានផ្លាស់ប្តូរទៅរកចក្ខុវិស័យ និងទិសដៅសម្រាប់អាស៊ាន ២០២៥ វាជាពេលវេលាដើម្បីឆ្លុះបញ្ចាំងពីអតីតកាល និងផែនការសម្រាប់អនាគតនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន”។
លោក Jayant Menon សេដ្ឋវិទូនាំមុខរបស់ធនាគារអភិវឌ្ឍន៍អាស៊ីទាក់ទងនឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាអ្នកកែសម្រួលការបោះពុម្ពផ្សាយ បាននិយាយថា អាស៊ានកំពុងស្ថិតនៅលើផ្លូវបំបែកមួយ។
លោកបានមានប្រសាសន៍ថា “ទោះបីជាសហគមន៍សេដ្ឋកិច្ចអាស៊ានទទួលបានជោគជ័យគួរឱ្យកត់សម្គាល់មួយចំនួនក៏ដោយ ចក្ខុវិស័យនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចមិនទាន់ត្រូវបានទទួលស្គាល់ពេញលេញនៅឡើយទេ”។
លោកបានបន្ថែមថា “សៀវភៅ (១៨១ ទំព័រ) ពិនិត្យមើលការវិវត្តន៍នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដោយប្រៀបធៀបទស្សនវិស័យរបស់អ្នកគិតគូដើមរបស់ខ្លួន និងភាពពិតជាបន្តបន្ទាប់។ វាក៏ពិនិត្យលើបញ្ហាប្រឈមដែលបានកើតឡើងក្នុងទសវត្សកន្លងមក និងផ្តល់នូវអនុសាសន៍ស្តីពីវិធីដើម្បីជម្នះបញ្ហាទាំងនោះ”។
បណ្តាប្រទេសអាស៊ានរួមមានព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម៕






