ដោយ ប៊ី
ភ្នំពេញៈ នៅក្នុងយុគសម័យនៃការធ្វើពាណិជ្ជកម្ម និងការលូតលាស់យឺត ប្រទេសកំពុងអភិវឌ្ឍន៍ អាចទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ពលរដ្ឋរបស់ពួកគេ តាមរយៈកំណែទម្រង់ ដែលជំរុញឱ្យមានការចូលរួមរបស់ពួកគេ នៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។
របាយការណ៍ថ្មីរបស់ធនាគារពិភពលោកបានសន្និដ្ឋានថា ការកែទម្រង់ទាំងនេះអាចជួយឱ្យពួកគេពង្រីក ពីការនាំចេញទំនិញទៅផលិតកម្មមូលដ្ឋាន ខណៈពេលដែលធានាថា ផលប្រយោជន៍សេដ្ឋកិច្ច ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ នៅទូទាំងសង្គម។
-->
របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ២០២០បានបង្ហាញថា ការធ្វើពាណិជ្ជកម្មដើម្បីការអភិវឌ្ឍក្នុងសង្វាក់តម្លៃសកល គឺជារបាយការណ៍អភិវឌ្ឍន៍ ដែលផ្តោតលើពាណិជ្ជកម្មលើកដំបូង របស់ក្រុមធនាគារពិភពលោក ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០។ របាយការណ៍បានរកឃើញថា ខ្សែសង្វាក់តម្លៃពិភពលោក បានជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច តាំងពីពេលនោះមក ដែលអនុញ្ញាតឱ្យបណ្តាប្រទេសក្រីក្របំផុត បានឈានឡើងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ខ្សែសង្វាក់បែបនេះ ជួយឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជំនាញ និងរីកចម្រើនអ្នកមានដោយមិនចាំបាច់សាងសង់ឧស្សាហកម្មទាំងមូលពីទទេ។
លោក Pinelopi Koujianou Goldberg ប្រធានផ្នែកសេដ្ឋវិទូរបស់ធនាគារពិភពលោកបានឱ្យដឹងថា ខ្សែសង្វាក់តម្លៃសកល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលូតលាស់ ដោយជួយឱ្យក្រុមហ៊ុននានាក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបាននូវផលិតភាពយ៉ាងច្រើន និងជួយពួកគេផ្លាស់ប្តូរ ពីការនាំចេញទំនិញទៅផលិតកម្មមូលដ្ឋាន។ ក្នុងយុគសម័យ នៃខ្សែសង្វាក់តម្លៃសកល បណ្តាប្រទេសទាំងអស់ទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការពន្លឿនកំណែទម្រង់ ដែលបង្កើនពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច”។
លោកបានបន្តថា “ប្រទេសនានាត្រូវការធ្វើពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍ ហើយបរិយាកាសបើកចំហដែលអាចព្យាករណ៍ បានផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ដើម្បីធានាបាននូវការគាំទ្រសង្គម ប្រកបដោយនិរន្តរភាពសម្រាប់ពាណិជ្ជកម្ម អ្នកធ្វើគោលនយោបាយចាំបាច់ត្រូវធានាថា អត្ថប្រយោជន៍នៃខ្សែសង្វាក់តម្លៃពិភពលោក ត្រូវបានចែកចាយយ៉ាងទូលំទូលាយ ក្នុងចំណោមក្រុមជាច្រើន ជាពិសេសប្រជាជនក្រីក្រ និងស្ត្រី ហើយបរិស្ថានត្រូវបានការពារ”។
សព្វថ្ងៃសង្វាក់តម្លៃសកលមានទំហំជិត ៥០ភាគរយ នៃពាណិជ្ជកម្មទូទាំងពិភពលោក។
របាយការណ៍បានរកឃើញថា ការរីកចម្រើនរបស់បណ្តាប្រទេសទាំងនោះ មិនបានផ្លាស់ប្តូរខាំ្លទេ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ។ ការកកស្ទះពាណិជ្ជកម្មបានបង្កើតភាពមិនច្បាស់លាស់ ទាក់ទងនឹងការចូលទៅកាន់ទីផ្សារ ដែលបណ្តាលឱ្យក្រុមហ៊ុននានាពិចារណាពន្យារពេលផែនការវិនិយោគ។
លើសពីនេះទៅទៀត ការទទួលបានពីការចូលរួម នៅក្នុងខ្សែសង្វាក់តម្លៃពិភពលោកមិនត្រូវបានចែកចាយស្មើៗគ្នានៅទូទាំង និងក្នុងប្រទេសឡើយ។ ការចំណាយលើបរិស្ថានកំពុងកើនឡើង ដែលភាគច្រើនបណ្តាលមកពីការបំភាយកាបូនឌីអុកស៊ីតខ្ពស់ ដោយសារតែការដឹកជញ្ជូនទំនិញ កម្រិតមធ្យមឆ្លងកាត់ចំងាយឆ្ងាយ។
ទោះបីមានការប្រឈមទាំងនេះក៏ដោយ ក៏ការសិក្សាបានបង្ហាញឲ្យឃើញថា ខ្សែសង្វាក់តម្លៃពិភពលោក អាចបន្តជាកម្លាំងសម្រាប់កំណើនប្រកបដោយចីរភាព ប្រសិនបើប្រទេសកំពុងអភិវឌ្ឍន៍ អនុវត្តន៍កំណែទម្រង់គោលនយោបាយស៊ីជម្រៅ និងសេដ្ឋកិច្ចជឿនលឿនអនុវត្តគោលនយោបាយបើកចំហ និងអាចព្យាករណ៍បាន។ របាយការណ៍នេះបង្ហាញពីរបៀប ដែលប្រទេសនានាអាចផ្តួចផ្តើមគំនិត ដើម្បីសម្រេចបាននូវលទ្ធផលប្រសើរជាងមុន ដោយជ្រើសរើសជម្រើសជាច្រើន ដែលត្រូវបានរៀបចំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ជាក់លាក់របស់ពួកគេ។
ជម្រើសទាំងនេះ រួមមានគោលនយោបាយកាន់តែខ្លាំង ដើម្បីកាត់បន្ថយការបំភាយកាបូន (ដូចជាការកំណត់តម្លៃការរិចរិលបរិស្ថាន) និងដើម្បីជួយកម្មករដែលផ្លាស់ទីលំនៅទៅរកការងារថ្មី។
ជាពិសេសរបាយការណ៍នេះ គូសបញ្ជាក់អំពីជំហាននានា ដែលប្រទេសនានាអាចអនុវត្តន៍ដើម្បីទាក់ទាញការវិនិយោគ ទោះបីជាពួកគេត្រូវបានទុកចោលនូវបដិវត្តខ្សែសង្វាក់តម្លៃក៏ដោយ។ ជំហានតូចៗ ដូចជាការបង្កើនល្បឿនគយ និងការកាត់បន្ថយភាពយឺតយ៉ាវនៅតាមព្រំដែន អាចផ្តល់ផលប្រយោជន៍យ៉ាងធំធេង សម្រាប់ប្រទេសនានាក្នុងការផ្លាស់ប្តូរពីការនាំចេញទំនិញទៅផលិតកម្មមូលដ្ឋាន។
ចំពោះទំនិញជាច្រើន ដែលបានជួញដូរនៅក្នុងខ្សែសង្វាក់ តម្លៃពិភពលោកការពន្យាពេលមួយថ្ងៃ គឺស្មើនឹងការដាក់ពន្ធលើសពី១ភាគរយ ។ លើសពីនេះទៀត ការវិនិយោគ ដែលធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ តាមរយៈការធ្វើទំនើបកម្ម ទំនាក់ទំនង និងផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែអាចផ្តល់នូវអត្ថប្រយោជន៍ធំ៕