ជប៉ុន​ និង​កូរ៉េ​ចាប់ផ្តើម​ពិភាក្សា​ឡើងវិញ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​សេអ៊ូល​ កាលពី​ថ្ងៃពុធ​ ក្នុង​ក្តី​សង្ឃឹមថានឹង​រក​ដំណោះស្រាយ​ ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​។

មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​លោក​ Kim​ Jung​-han​ នឹង​ជួប​ជាមួយ​អ្នកការទូត​ជប៉ុន​លោក ​Shigeki​ Takizaki​ ក្នុង​ក្តី​សង្ឃឹមថា​ នឹង​មានផ្លូវ​ឆ្ពោះទៅ​រក​ការផ្សះផ្សា​អាច​ត្រូវ​បាន​ធ្វើឡើង​ និង​ដើម្បី​ធានា​ឱ្យ​មានការ​ចូលរួម​របស់​កូរ៉េ​ខាងត្បូង​ នៅក្នុង​ពិធី​សោយរាជ្យ​របស់​អធិរាជ​ជប៉ុន​ Naruhito​ នៅ​ថ្ងៃទី​ ២២​ ខែ​ តុលា​ នៅ​ទីក្រុង​តូក្យូ​។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ នឹង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​សម្រាប់​ការ​ពាក់ព័ន្ធ​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​ នៅ​ឧបទ្វីប​កូរ៉េ​ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩១០​ ដល់​ ១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ បង្ក​ឱ្យ​មាន​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​អំឡុង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

ជា​លទ្ធផល​ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ ដែល​ផលិត​ដោយ​ជប៉ុន​ ខណៈ​ជប៉ុន​ បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ក្រុម​អ្នកសេដ្ឋកិច្ច​បាន​ចាត់ទុកជា​អាវុធ​ប្រើប្រាស់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។

រថយន្ត​ម៉ាក​ Lexus​ ស្រាបៀ​រអា​សា​ហ៊ី​ និង​គ្រឿងសំអាង​ប្រណីត​ សុទ្ធតែ​ស្ថិត​ក្នុង​បញ្ជី​ទំនិញ​ ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ឈប់​ទិញ​ ចាប់តាំងពី​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ដោយសារតែ​ជម្លោះ​លើ​សំណង​ ក្នុងអំឡុងពេល​ដែល​ជប៉ុន​ជាមួយ​ឧបទ្វីប​កូរ៉េ​។

ខែ​ កញ្ញា​កន្លងមក​ គឺជា​ខែ​អាក្រក់​បំផុត​សម្រាប់​ការ​លក់​រថយន្ត​របស់​ជប៉ុន​ ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​កើតឡើង​។

យោង​តាម​សមាគម​អ្នក​ចែកចាយ​ និង​អ្នក​ចែកចាយ​រថយន្ត​កូរ៉េ​ (KAIDA​) រថយន្ត​ដែល​បាន​ចុះបញ្ជី​របស់​ជប៉ុន​ បាន​ធ្លាក់ចុះ៥៩.៨ភាគរយ​ នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅក្នុង​ខែ​ កញ្ញា​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here