កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី៣​ នៃ​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន​

2

ដោយ ​វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ៣​ ក្នុង​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន​ ហើយ​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ៩​ ក្នុង​ការ​នាំ​ទំនិញ​មក​កម្ពុជា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ។

លោក​ ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខាធិការ​ក្រ​សួ​ពាណិជ្ជកម្ម​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ARAI​ Hiroyuki​ ទីប្រឹក្សា​ពិសេស​នៃ​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​ កាលពី​ថ្ងៃទី​ ១៧​ ខែតុលា​ម្សិលមិញ​នេះ​ បាន​បញ្ជាក់​ថា​ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានសន្ទុះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១៥៨៨​ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១៨​។

លោក​បន្ត​ថា​ ក្រសួង​ពាណិជ្ជកម្ម​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ផ្អែក​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ វេទិកា​ធុរកិច្ច​ ការ​ផ្គូ​រផ្គង​វិ​និ​យោ​គគិន​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​។

លោក​រំពឹង​ថា​ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ទាំង​ថវិកា​ បច្ចេកទេស​ និង​ធនធានមនុស្ស​ដល់​កម្ពុជា​បន្ត​ទៀត​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

លោក​ ARAI​ Hiroyuki​ ទីប្រឹក្សា​ពិសេស​នៃ​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​ឱ្យ​ដឹង​ដែរ​ថា​ ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​-ជប៉ុន​លើ​គ្រប់​វិស័យ​កាន់តែ​ល្អ​ប្រសើរ​នា​ពេល​កន្លងមក​នេះ​ ។

ជាមួយគ្នា​នេះ​ លោក​ចង់ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សហការ​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ មិន​ត្រឹមតែ​ផលិត​សម្រាប់​តែ​ការនាំចេញ​ប៉ុណ្ណោះទេ​ គឺ​ថែមទាំង​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ​ ដោយ​បង្កើន​ទំនុកចិត្ត​ និង​ជំរុញ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក​ តាមរយៈ​ការប្រើ​ប្រាស់​ស្លាក​សម្គាល់​រួម​ «ផលិត​ដោយ​ជប៉ុន​-កម្ពុជា​ នៅក្នុង​ប្រទេស​កម្ពុជា​»។

លោក​ក៏បាន​ស្នើរ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ និង​រិះរក​វិធីសាស្ត្រ​ការ​បង្កើន​សហគ្រាស​ធុន​តូច​-មធ្យម​ (SMEs​) ជប៉ុន​ និង​កម្ពុជា​ ដោយ​ជួល​កម្មករ​ជំនាញ​កម្ពុជា​ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ស្រាប់​ឱ្យមក​ធ្វើការ​នៅក្នុង​ស្រុក​ ដើម្បី​ផលិត​ហើយ​លក់​ក្នុង​ស្រុក​ សំដៅ​កាត់បន្ថយ​ចំណាយ​លើ​ការនាំចូល​។

លោក​ក៏​មានបំណង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណេះដឹង​បន្ថែម​ពី​អ្វី​ដែល​បាន​សហការ​គ្នា​ និង​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និត​ជាមួយ​កម្ពុជា​ ពិសេស​លើ​ការបង្កើត​ឱ្យ​មាន​ជំនួប​វិនិយោគិន​ SMEs​ ជប៉ុន​-កម្ពុជា​ ដោយសារតែ​ទាំង​និយោជិក​ និង​កម្មករ​ជំនាញ​កម្ពុជា​ដែល​កំពុងធ្វើការ​តាម​បណ្តា​ក្រុមហ៊ុន​/សហគ្រាស​ នៅ​ប្រទេស​ជប៉ុន​សព្វថ្ងៃ​ចំនួន​ប្រមាណ​ជា​ ១២,០០០​ នាក់​ នឹង​ក្លាយជា​កត្តា​មួយ​ជួយ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សម្រេចចិត្ត​មក​បើក​សហគ្រាស​ផលិត​ និង​លក់​រួមគ្នា​នៅ​កម្ពុជា​។

កម្ពុជា​ និង​ជប៉ុន​ មាន​ចំណងមិត្តភាព​ជាយូរមកហើយ​ ដែល​ជាហេតុ​នាំ​ឱ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ស្អិត​រមូ​តទាំង​វិស័យ​ការទូត​ និង​វិស័យ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​ ។

យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ បានឱ្យ​ដឹង​ថា​ ការនាំចេញ​កម្ពុជា​ទៅកាន់​ជប៉ុន​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៧៩២លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ ឆ្នាំ​ ២០១៩​ កើនឡើង ៣៤ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ខណៈ​ការនាំចូល​កម្ពុជា​ពីជ​ប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ២៥៦លាន​ដុល្លារ​៕

2 COMMENTS

  1. ចំណងជើងអត្ថបទដូចជាខុសន័យ ឬក៏ចេតនាសរសេរខុស។ បើសរសេរថា “ជប៉ុនជាប្រទេសទី២ ដែលកម្ពុជាបាននាំទំនិញច្រើនទៅកាន់ប្រទេសនេះ បន្ទាប់ពីសហភាពអឺរ៉ុប” បានវាត្រូវន័យ

  2. ចំណងជើងអត្ថបទដូចជាខុសន័យ ឬក៏ចេតនាសរសេរខុស។ បើសរសេរថា “ជប៉ុនជាប្រទេសទី៣ ដែលកម្ពុជាបាននាំទំនិញច្រើនទៅកាន់ប្រទេសនេះ បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក” បានវាត្រូវន័យ

LEAVE A REPLY

Please enter your comment!
Please enter your name here