ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រោយពីបានបញ្ចប់ការសិក្សា និងឆ្លងកាត់កិច្ចប្រជុំពិភាក្សាលម្អិតរបស់អន្តរក្រសួងស្ដីពី ផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិថ្មីមួយខ្សែទៀតលេខ៧១C តភ្ជាប់ពីខេត្តកំពង់ចាមទៅកាន់ខេត្តត្បូងឃ្មុំ ពេលនេះត្រូវបានសម្រេច និងអនុញ្ញាតឱ្យដំណើរការសាងសង់ហើយ ក្រោមការរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា PPIC Co,.Ltd ។

-->
គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ត្រូវបានកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) រួចរាល់ហើយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។
ផ្លូវជាតិមួយខ្សែនេះមានប្រវែង១១៤,៦២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ ស្រុកចំការលើ ខេត្តកំពង់ចាម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អន្តរក្រសួងពាក់ព័ន្ធ ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តកំពង់ចាម នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។
ក្រោយពីបានធ្វើការពិនិត្យរួចមកកិច្ចប្រជុំ បានសម្រេចលទ្ធផល ដូចខាងក្រោម ៖
១-អង្គប្រជុំគាំទ្រគម្រោងផ្លូវជាតិលេខ ៧១C ។
២-ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ ដើម្បីសិក្សា និងរចនាផ្លូវឡើងវិញឱ្យបានត្រឹមត្រូវ ជៀសវាងការប៉ះពាល់លើទីតាំងកប់សពរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។
៣-ម្ចាស់គម្រោង ត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងការរចនាផ្លូវឱ្យទៅតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
៤-ម្ចាស់គម្រោងត្រូវរចនាប្រព័ន្ធដោះទឹកភ្លៀងនៅតាមផ្លូវមេ និងផ្លូវរងនីមួយៗឱ្យបានត្រឹមត្រូវជៀសវាងការហូរច្រោះ ការជន់លិចដីស្រែ-ចម្ការ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ។
៥-ម្ចាស់គម្រោង ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ដោយ សារសកម្មភាពគម្រោងឱ្យបានរួចរាល់ មុននឹងអនុវត្តន៍គម្រោង។
៦-ម្ចាស់គម្រោងត្រូវស្រោចទឹកជាប្រចាំ ដើម្បីកាត់បន្ថយការហុយធូលី ព្រមទាំងកាត់បន្ថយសំឡេង និងរំញ័រនៅតាមទីប្រជុំជនសាលារៀន មណ្ឌលសុខភាព វត្តអារាមជាដើម។
៧-ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ និងភ្លើងបំភ្លឺនៅតាមដងផ្លូវឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ។
៨-ម្ចាស់គម្រោងត្រូវមានផែនការដាំឈើ និងដាំស្មៅតាមជើងទេរ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
៩-ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយម្ចាស់គម្រោង ដើម្បីបញ្ចូលនូវអនុសាសន៍ ដែលអង្គប្រជុំបានលើកឡើងនូវចំណុចវិជ្ជមាន ទៅក្នុងរបាយការណ៍ ESIA ឱ្យបានត្រឹមត្រូវ។
១០-ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវ ដូចបានរៀបរាប់នៅក្នុងរបាយការណ៍ ESIA នេះ។
បើតាមការឱ្យដឹងពីលោក ទី សេងដឿន មន្ត្រីសាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបង្ហើបប្រាប់ឱ្យដឹងថា នៅក្នុងគម្រោងនៃការសាងសង់ផ្លូវជាតិមួយខ្សែ ខាងលើនេះ នឹងត្រូវស្ថាបនាទ្រូងផ្លូវទំហំ១២ម៉ែត្រ ខណៈដែលផ្លូវរងឬផ្លូវបំបែកចូលភូមិ ឃុំនឹងត្រូវស្ថាបនាទំហំ៩ម៉ែត្រ។ លោកបានបន្តទៀតថា តាមការសិក្សា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C នឹងត្រូវចំណាយពេលប្រមាណ៣៦ខែ នៅក្នុងខ្ទង់ថវិកាចំណាយសរុបប្រមាណ១០០លានដុល្លារ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងកាលពីពេលកន្លងទៅថ្មីៗនេះថា ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិមួយខ្សែនេះ នឹងត្រូវធ្វើឡើងតំណាលគ្នា នឹងការតភ្ជាប់ស្ពានឆ្លងទន្លេរវាងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងពេលឆាប់ៗខាងមុខនេះ៕