ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មី របស់លោក Joko Widodo ជាប្រធានាធិបតី និងលោក Ma ruf Amin ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអោយដឹងនៅថ្ងៃទី១៨ ខែតុលា នេះថា ក្នុងពិធីស្បថចូលកាន់តំណែងនេះ នឹងមានការអញ្ជើញចូលពីសំណាក់ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀតផងដែរ។
-->
ក្រសួងការបរទេសបន្តថា គណៈប្រតិភូ ដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
ក្រសួងការបរទេសបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសឥណ្ឌូនេស៊ី នឹងជួបដោយឡែកជាមួយលោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់លោក ដែលបានបន្តជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី នៅអាណត្តិទី២ ហើយនិងធ្វើការផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងបញ្ហានានាដែលមាន ការចាប់អារម្មណ៍ដូចគ្នា។
ក្រសួងបញ្ជាក់ថា ការបោះឆ្នោត នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បង្ហាញថា លោកចូកូ វីដូដូ បានជាប់ឆ្នោត ជាប្រធានាធិបតីនៅអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២៤៕